ប្រធានម១ លាតត្រដាងល្បិចកលជាច្រើនក្នុងការលួចនាំអាវុ.ធច្នៃ ថ្នាំញៀន ទូរសព្ទ គ្រឿងអេឡិចត្រូនិក ដុំអ៊ីនធឺណិត..ចូលទៅក្នុងគុក
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃស បានបើកកកាយ និងលាតត្រដាងអំពីវិធីសាស្ដ្រ និងល្បិចកលផ្សេងៗ ដែលក្រុមជនល្មើសបានប្រើប្រាស់ដើម្បីលួចនាំវត្ថុហាមឃាត់ ដូចជា អាវុធច្នៃ ថ្នាំញៀន ទូរសព្ទដៃ គ្រឿងអេឡិចត្រូនិក ដុំសេវាអ៊ីនធឺណិត ឬដុំវ៉ាយហ្វាយ (Wifi) ជាដើម ចូលទៅបន្ទប់ឃុំឃាំង។ លើសពីនេះ ថែមទាំងមានមន្ត្រីពន្ធនាគារខ្លះ រួមគំនិតក្នុងអំពើលួចនាំវត្ថុហាមឃាត់ទាំងនេះចូលទៅបន្ទប់ឃុំឃាំងផងដែរ។ បើតាមលោក នុត សវនា អាវុធច្នៃទាំងនោះ មានដូចជា កាំបិត ដែកស្រួច ឬដែកឆាប ដែលត្រូវបានកែច្នៃពីដែក។  

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ លោក នុត សាវនា បានគូសបញ្ជាក់យ៉ាងច្នេះថា ចាប់តាំងពីពេលលោកចូលកាន់តំណែងប្រធានមណ្ឌលអប់រំកែប្រែទី១ ជិត២ឆ្នាំកន្លងមក លោកបានរឹបអូសវត្ថុតាងទាំងនេះ ពីក្រុមអ្នកទោសដែលលួចប្រើប្រាស់អស់ពេលជាយូរមកហើយ។ លោក លាតត្រដាងពីវិធីសាស្ដ្រជាច្រើនយ៉ាង ដែលអ្នកជាប់ឃុំ និងអ្នកនៅក្រៅឃុំ ប្រើប្រាស់ដើម្បីលួចនាំចូលវត្ថុហាមឃាត់ទាំងនោះ ដូចជា ទី១ លួចបង្កប់ក្នុងបញ្ញើ ដែលត្រូវផ្ញើចូលក្នុងបន្ទប់ឃុំឃាំង, ទី២ តាមរយៈការយកពីខាងក្រៅ ទៅលបដាក់ចូលក្នុងបរិវេណមណ្ឌលឃុំឃាំង, ទី៣ លួចបង្កប់​ក្នុងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ។ រូបភាពអំពីវត្ថុជាច្រើនដែលចាប់បាន ត្រូវលោកបង្ហោះលើបណ្តាញសង្គមឱ្យសាធារណជនបានដឹង។ ក្នុងចំណោមរូបភាពទាំងនោះ មានរូបភាពមួយ គឺទូរសព្ទដៃត្រូវបានលាក់ក្រោមបាតស្បែកជើង។ 

 លោក នុត សាវនា ប្រធានមណ្ឌលអប់រំកែប្រែទី១  
 លោក នុត សាវនា ប្រធានមណ្ឌលអប់រំកែប្រែទី១  

អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះ គឺការលួចនាំចូលវត្ថុហាមឃាត់ទាំងនោះ ពីសំណាក់មន្រ្តីខិលខូចដែលរួមគំនិតជាមួយក្រុមអ្នកទោស និងអ្នកនៅក្រៅឃុំ ដែលជាបក្ខពួក ឬសាច់ញាតិរបស់អ្នកទោស។ លោក នុត សវនា និយាយដោយមិនលាក់លៀមថា មន្រ្តីខិលខូចទាំងនោះ ទទួលបានលាភសក្ការៈពីអ្នកជាប់ឃុំ។ ប្រធានម១រូបនេះ ប្រាប់ថា គិតមកទល់ពេលនេះ មានមន្រ្តីពន្ធនាគារ២រូប បានរងចំណាក់ការតាមនីតិវិធីច្បាប់រួចហើយ។ ក្នុងនោះ មន្រ្តីម្នាក់ លក់ស៊ីមកាតឱ្យទណ្ឌិត ហើយទណ្ឌិត បានប្រើប្រាស់ស៊ីបកាតជាមួយទូរសព្ទ ដើម្បីទាក់ទងទៅខាងក្រៅ ពាក់ព័ន្ធនឹងអំពើជួយដូរថ្នាំញៀន ចំណែកមន្រ្តីម្នាក់ទៀត ហ៊ានដល់ថ្នាក់រត់ពន្ធថ្នាំញៀនចូលដល់កន្លែងឃុំឃាំងតែម្តង។ ចំពោះទណ្ឌិត ដែលប្រព្រឹត្តបទល្មើស ត្រូវទទួលរងពិន័យរដ្ឋបាល ប៉ុន្តែបើរកឃើញថា ប្រព្រឹត្តកំហុសធ្ងន់ធ្ងរជាងនេះ ឬនៅតែបន្តប្រព្រឹត្តកំហុសដោយមិនរាងចាល មណ្ឌលអប់រំកែប្រែទី១ នឹងដាក់ពាក្យប្ដឹងទៅតុលាការឱ្យដាក់ទោសបន្ថែមទៀត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត