បិទព្រំដែន តែការលួចនាំចូលទំនិញពីថៃនៅតែបន្ត! អាជ្ញាធរចាប់បានសាច់មាន់ចម្រុះជាង១តោន នាំចូលតាមស្រុកម៉ាឡៃ
អុន សម្ផស្ស
5 ម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ ព្រំដែនគោកកម្ពុជា-ថៃ នៅបន្តបិទ និងមានការរឹតបន្តឹងការឆ្លងកាត់ ប៉ុន្តែសកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃដោយខុសច្បាប់ នៅតែកើតមានដដែល។ ករណីនេះបានបង្កឱ្យមានការចោទសួរអំពីការគោរពច្បាប់ និងប្រសិទ្ធភាពនៃការគ្រប់គ្រងតាមតំបន់ព្រំដែន...។

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណរិទ្ធ ប្រាប់ SBM News តាមប្រព័ន្ធតេឡេក្រាមថា ពិតជាមានការបង្ក្រាបករណីលួចនាំចូលសាច់មាន់ចម្រុះពីប្រទេសថៃ នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យពិតមែន។ លោក ថ្លែងថា៖«សាច់មាន់ចម្រុះគ្រប់ប្រភេទនេះ មានចំនួន៩៣កេះ ទម្ងន់សរុប១១១៦គីឡូក្រាម បង្ក្រាបបានដោយកងពលលេខ៥១ ហើយយកមកប្រគល់ឱ្យកងរាជអាវុធហត្ថស្រុកម៉ាឡៃ»។ ទោះយ៉ាងណា លោកមិនបានលម្អិតបន្ថែមពីការឃាត់ខ្លួនអ្នកលួចនាំចូលនោះទេ។ 

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណរិទ្ធ
អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណរិទ្ធ

ជាការកត់សម្គាល់ ករណីនេះ មិនមែនជាបញ្ហាទំនិញខុសច្បាប់តែមួយមុខនោះទេ ប៉ុន្តែជាបញ្ហាដែលពលរដ្ឋខ្មែរ នាំគ្នាចោទសួរថា ក្នុងអំឡុងពេលបិទព្រំដែនគោក និងមានការរឹតបន្តឹងយ៉ាងខ្លាំង តើហេតុអ្វីបានជាទំនិញនៅតែអាចលួចឆ្លងកាត់ព្រំដែនបាន? ជាការពិត ការបង្ក្រាបបានទាន់ពេលវេលា គឺជាសញ្ញាបង្ហាញថា អាជ្ញាធរ មានការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន។ ទន្ទឹមនឹងនេះ វាក៏ជាការរំលឹកដល់អ្នកដែលមានបំណងប្រព្រឹត្តអំពើខុសច្បាប់ថា ការបិទព្រំដែនមិនមែនជាឱកាសសម្រាប់រកស៊ីដោយខុសច្បាប់ឡើយ។ ក្នុងស្ថានភាពបែបនេះ ការពង្រឹងការត្រួតពិនិត្យ ការសហការរវាងកងកម្លាំង និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ គឺមានសារសំខាន់ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ការហូរចូលនៃទំនិញខុសច្បាប់តាមច្រកព្រំដែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត