
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយដល់ប្រជាពលរដ្ឋរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន១០៥១គ្រួសារ ស្មើនឹង៤៦៨៤នាក់…។

ក្នុងឱកាសនោះ លោកជំទាវ បានអញ្ជើញចែកបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ចំនួន៥៥៩បណ្ណ ដោយក្នុងនោះ ប្រជាពលរដ្ឋចំនួន២០៤នាក់ ទទួលបានបណ្ណថ្មី និងប្រជាពលរដ្ឋចំនួន៣៥៥នាក់ ទទួលបានការបន្តសុពលភាពបណ្ណ។ ស្រ្តីទី១ មានប្រសាសន៍ថា បណ្ណនេះ គឺសម្រាប់គាំពារសុខភាពដែលជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា ដែលបង្ហាញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាព សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ឈរលើស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។ លោកជំទាវ បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានសហការគ្នាយ៉ាងសកម្មដើម្បីឧបត្ថម្ភ គាំទ្រ ជួយដល់ប្រជាពលរដ្ឋ កុមារ ក្រុមគ្រួសារដែលកំពុងជួបការលំបាក និងមានតម្រូវការជាប់ជាប្រចាំ។

ស្ត្រីទី១នៃកម្ពុជា បានសង្កត់ធ្ងន់ថា ការជួយគ្រួសារមួយ គឺមិនមែនជួយតែមនុស្សម្នាក់ប៉ុណ្ណោះទេ គឺជួយដល់សមាជិកក្រុមគ្រួសារ ជួយដល់សហគមន៍ ជាពិសេស គឺរួមចំណែកផ្តល់ឱកាសដល់កុមារឱ្យមានការរីកចម្រើនតទៅមុខ។ ប្រជាពលរដ្ឋដែលមានបណ្ណនេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន១៤៣កន្លែង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា៕





