AOT បន្តចុះសង្កេតការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
អុន សម្ផស្ស
មួយម៉ោងមុន

អន្តរខេត្ត៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅមណ្ឌលសុខភាពតេជោមរកត និងសាលាបឋមសិក្សាតេជោមរកត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦...។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ដែលដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្រសួងបញ្ជាក់ថា មណ្ឌលសុខភាពតេជោមរកត និងសាលាបឋមសិក្សាតេជោមរកត ស្ថិតនៅស្រុកជាំក្សាន្ត មិនមែនជាទីតាំងយោធានោះទេ ប៉ុន្តែជាមណ្ឌលផ្តល់សេវាសុខាភិបាលសាធារណៈ កន្លែងអប់រំដល់កុមារ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ មណ្ឌលសុខភាព និងសាលារៀននេះ បានរងការខូចខាតក្នុងហេតុការណ៍វាយប្រហារកាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងប្រភេទ១៥៥មីលីម៉ែត្រ គ្រាប់បែកចង្កោម និងការប្រើប្រាស់ដ្រូនជាច្រើនគ្រាប់។

ការវាយប្រហារនោះ បានធ្វើឱ្យមណ្ឌលសុខភាព សាលាបឋមសិក្សា និងហេដ្ឋារចនាសម្ព័ន្ធជុំវិញរងការបំផ្លិចបំផ្លាញ និងធ្វើឱ្យកុមារតូចៗទាំងអស់នៅទីនោះ នៅតែមិនអាចចូលរៀនវិញបានរហូតមកដល់សព្វថ្ងៃនេះ។ ក្រសួងការពារជាតិ បានលើកឡើងថា ការចុះសង្កេតការណ៍របស់ AOT-KH មានគោលបំណងផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែង នៅតាមតំបន់ព្រំដែន។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌនៃកិច្ចខិតខំប្រឹងប្រែងតាមដាន ការអនុវត្តបទឈប់បាញ់ និងជួយគាំទ្រដល់ការរក្សាសន្តិភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនានា ដោយសង្កត់ធ្ងន់លើការស្តារស្ថានការណ៍ឱ្យវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែនកម្ពុជា-ថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត