
រាជធានីភ្នំពេញ៖ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី១៧ធ្នូនេះ បានអញ្ជើញចូលរួមដាំបន្លែជាមួយសមាជិកាកាយឫទ្ធិនារីដោយផ្ទាល់នៅសាលាបឋមសិក្សាភ្នំពេញថ្មី ដើម្បីជាផ្គត់ផ្គង់ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកខ្វះខាតស្បៀង ដែលបានគេចពីការបាញ់ប្រហាររបស់យោធាថៃឈ្លានពាន…។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់យ៉ាងដូច្នេះថា៖«នៅពេលនេះ កម្លាំងសាមគ្គីរបស់បងប្អូនគ្រប់គ្នាតាមរយៈដំណាំទាំងនេះ គឺជាសារផ្តល់កម្លាំងចិត្តដ៏ខ្លាំងក្លា ជូនដល់វីរកងទ័ពរបស់កម្ពុជាយើង ដែលកំពុងច្បាំងការពារទឹកដីពីសត្រូវឈ្លានពាន ហើយក៏ជាការជួយជ្រោមជ្រែងដល់បងប្អូនជនភៀសសឹក ដែលកំពុងរស់នៅយ៉ាងលំបាក ព្រោះតែសង្គ្រាមឈ្លានពានដ៏ព្រៃផ្សៃមួយនេះ»។ លោកជំទាវបណ្ឌិត គូសរំលេចបន្ថែមថា យើងជាកងទ័ពជួរក្រោយត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើន ដើម្បីចែកជូនសមរភូមិជួរមុខ។ សូមជម្រាបថា កាលពី១៥ធ្នូកន្លងទៅ លោកជំទាវបណ្ឌិត បានបំផុសគំនិតដល់ក្រុមកាយឫទ្ធិនារីកម្ពុជាទូទាំងប្រទេស ឱ្យធ្វើការដាំបន្លែនៅតាមសាលារៀន ឬដីសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក ដែលកំពុងគេចចេញពីទីតាំងសង្គ្រាម និងកំពុងជួបប្រទះបញ្ហាខ្វះខាតស្បៀង ដោយលោកជំទាវបណ្ឌិត បានណែនាំឱ្យដាំបន្លែណា ឆាប់ទទួលបានផលទាន់តម្រូវការ។

ក្រោយមានការបំផុសគំនិតដ៏ល្អនេះឡើង ឃើញថា កាលពីថ្ងៃទី១៦ធ្នូម្សិលមិញ អាជ្ញាធរស្រុកអង្គរធំ និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិមុខ មកទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានរៀបចំដាំបន្លែបង្ការផ្សេងៗ ដើម្បីទុកផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៦ធ្នូដដែល លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពដីមួយកន្លែង នៅក្បែរក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ដើម្បីរៀបចំឱ្យជនភៀសសឹកដាំដុះបន្លែបង្ការួមគ្នា ដើម្បីធានាបាននូវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ម្ហូបអាហារ និងរក្សាសន្តិសុខស្បៀងក្នុងមូលដ្ឋាន ស្របពេលប្រទេសជាតិកំពុងប្រឈមមុខនឹងស្ថានភាពដ៏តានតឹង ដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា៕






