
រាជធានីភ្នំពេញ៖ អាជ្ញាធរមីន និងអង្គការ SOS Cambodian Kids (SOS CK) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដើម្បីរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ SOS CK គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការភ្ជាប់ការងារបោសសម្អាតមីនជាមួយការថែទាំសុខភាព ការអប់រំ និងការអភិវឌ្ឍសហគមន៍។ លោក លី ធុជ សង្កត់ធ្ងន់ថា ភាពជាដៃគូរវាងអាជ្ញាធរមីន និងអង្គការ SOS CK នឹងពង្រីកការផ្ដល់សេវាសុខាភិបាល និងការគាំទ្រផ្នែកអប់រំទៅកាន់សហគមន៍ដែលទើបរួចផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបម្លែង «ដីមានសុវត្ថិភាព» ទៅជា «សហគមន៍មានសុខុមាលភាព»។

អនុប្រធានទី១នៃអាជ្ញាធរមីន បន្ថែមថា ក្នុងបេសកកម្មរយៈពេល១០ថ្ងៃ នៅខេត្តកំពង់ស្ពឺ តាកែវ និងកំពង់ចាម ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តរបស់អង្គការ SOS CK បានផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋប្រមាណ១២០០នាក់ និងចែកជូនកាបូប ព្រមទាំងសម្ភារៈសិក្សាដល់កុមារចំនួន១៣០០នាក់។ ជាមួយគ្នា ក៏មានការនាំយករទេះរុញ ឈើច្រត់ និងសម្ភារៈចាំបាច់ផ្សេងៗទៅជួយគ្រួសារជនភៀសសឹកនៅតាមតំបន់ព្រំដែន ដែលបានឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយបំផុត៕





