
រាជធានីភ្នំពេញ៖ អាជ្ញាធរមីន នារសៀលថ្ងៃទី២៩កក្កដានេះ បានគូសបញ្ជាក់ថា អំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។ យោធាថៃបានប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទដូចជា យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះអាជ្ញាធរមីន សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការ ក៏ដូចជាជួយរាយការណ៍ពីទីតាំងរងផលប៉ះពាល់ ដើម្បីមន្រ្តីជំនាញពិនិត្យវាយតម្លៃ និងបោសសម្អាត…។

អាជ្ញាធរមីន បានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុដល់ប្រជាពលរដ្ឋភៀសសឹក អាជ្ញាធរមីន ស្នើអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវដឹកនាំការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ នៅតាមទីតាំងសុវត្ថិភាព។ ក្នុងនោះ ពិនិត្យលទ្ធភាពដាក់បញ្ចូលការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការបោសសម្អាត នៅក្នុងកម្មវិធីរបស់ស្ថាប័ន អង្គភាពនានា នៅតាមទីតាំងសុវត្ថិភាព និងទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ។

លើសពីនេះ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំមកអាជ្ញាធរមីន អំពីវឌ្ឍនភាពនៃការអប់រំផ្សព្វផ្សាយ និងការបោសសម្អាត។ សូមរំឭកថា ការផ្ទុះអាវុធរវាងទាហានកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៤កក្កដា កន្លងទៅ កើតឡើងបន្ទាប់ពីទាហានថៃយកបន្លាលួសស្រាស់នៅប្រាសាទតាមាន់ធំ ហើយទាហានកម្ពុជាក៏ទៅដកវិញ ទើបបណ្ដាលឱ្យផ្ទុះអាវុធដាក់គ្នាតែម្ដង៕





