
រាជធានីភ្នំពេញ៖ កិច្ចសន្យាបោសសម្អាតមីនគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» រវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក,មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២តុលា ឆ្នាំ២០២៥។ តាមរយៈកិច្ចព្រមព្រៀងនេះ មន្ត្រីជំនាញនឹងត្រូវបោសសម្អាតផ្ទៃដីចម្ការមីនចំនួន៤៥៣ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកា៥លានដុល្លារសហអាម៉េរិក...។

អនុប្រធានទី១នៃអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ កត់សម្គាល់ក្នុងពិធីចុះកិច្ចព្រមព្រៀងនេះថា ជាថ្ងៃបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យដោះមីននៅកម្ពុជា ហើយក៏ជាការតំណាងឱ្យភាពជឿជាក់រួមគ្នា ដែលថាការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនឹងបម្រើដល់សុខសន្តិភាព និងប្រជាជនដែលងាយរងគ្រោះ។ មួយវិញទៀត លោកថា ពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាតំណាងឱ្យភាពជាដៃគូ រវាងស្ថាប័ន និងស្ថាប័ន និងការបំពេញបែបបទប៉ុណ្ណោះទេ ថែមទាំងជាការតំណាងឱ្យការសន្យា ការប្តេជ្ញាចិត្ត និងការធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅខ្ពស់មួយ គឺកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងពិធីដដែលនោះ លោកទេសរដ្ឋមន្រ្តី បានគូសរំលេច ពីការឈឺចាប់ និងទុក្ខវេទនាដែលកម្ពុជា បានហែលឆ្លងដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ដោយបានឆក់ប្លន់អាយុជីវិត និងដៃជើងរបស់ប្រជាជន។ ក្នុងន័យនេះ លោកលើកឡើងថា៖«ទោះបីសកម្មភាពមីន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជា នៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ»។ បច្ចុប្បន្ន កម្ពុជា នៅសល់ផ្ទៃដីចំនួន១៧២៣គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១គីឡូម៉ែត្រការ៉េ។

ទោះយ៉ាងណា កម្ពុជា ក៏បានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅសម្រចគោលដៅ កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការពង្រឹងសមត្ថភាពជាតិ និងភាពជាម្ចាស់របស់កម្ពុជា លើវិស័យសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រកបដោយបរិយាបន្ន និងសកម្មភាពបោសសម្អាតមីនដោយផ្តោតសំខាន់លើតម្រូវការរបស់មនុស្សជាអាទិភាព។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានកោតសរសើរចំពោះភាពជាដៃគូជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ ដែលបាននាំឱ្យកម្ពុជា អាចពង្រឹងនូវសមត្ថភាពជាតិ ក៏ដូចជាលើកកម្ពស់ ចែករំលែកចំណេះដឹង និងបណ្ដុះបណ្ដាលលើវិស័យសកម្មភាពមីន ព្រមទាំងឈានមុខគេលើឆាកអន្តរជាតិ សម្រាប់វិស័យសកម្មភាពមីន៕




