
ក្រុងបាត់ដំបង៖ កម្ពុជាកំពុងឆ្ពោះទៅរកគោលដៅគ្មានផលប៉ះពាល់ដោយសារមីន តាមរយៈការដាក់ចេញនូវសកម្មភាពជាច្រើន ដើម្បីបោសសម្អាតមីន ផ្ដល់ដីសុវត្ថិភាពជូនពលរដ្ឋ។ តាមរយៈសកម្មភាពទាំងនេះ កម្ពុជាបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងអង្គការដៃគូ ដែលមិនលែងដៃហើយប្ដេជ្ញាបន្តឈរនៅជាមួយកម្ពុជា ជួយដោះស្រាយបញ្ហាប្រឈមដោយសារមីន…។

នេះជាប្រសាសន៍លើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២០វិច្ឆិកា ក្នុងពេលដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះពិនិត្យការអនុវត្តគម្រោងបោសសម្អាតមីន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ អង្គការដៃគូ និងប្រទេសជាមិត្ត ដែលជាម្ចាស់ជំនួយទាំងនោះ រួមមាន៖ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ, ប្រទេសអូស្ត្រាលី, នូវែលសេឡង់, សាធារណរដ្ឋកូរ៉េ និងលុចសំបួរ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីដំណាក់កាលទី៤។ ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមគាំទ្រដល់ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០។

សូមជម្រាបថា សកម្មភាពមីនមិនមែនត្រឹមតែជាការបោសសម្អាត និងកម្ទេចគ្រាប់មីនចោលប៉ុណ្ណោះទេ វាថែមទាំងជាការចូលរួមក្នុងការលើកកម្ពស់ជីវិភាពរស់នៅ កាត់បន្ថយគ្រោះថ្នាក់ និងស្តារឡើងវិញនូវសេចក្តីសថ្លៃថ្នូររបស់សហគមន៍។ ចាប់តាំងពីឆ្នាំ២០០៦ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានបោសសម្អាតផ្ទៃដីមានមីនចំនួន៤១៨គីឡូម៉ែត្រការ៉េ ស្មើ១៦ភាគរយ នៃផ្ទៃដីបោសសម្អាតសរុបប្រមាណជាង៣៤០០គីឡូម៉ែត្រការ៉េ និងមានប្រជាជន១,៣លាននាក់ទទួលផល។ ក្នុងនោះ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ គិតពីរឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២៥ បានបោសសម្អាតផ្ទៃដីដែលមានមីនជាង១៧៤គីឡូម៉ែត្រការ៉េ និងមានអ្នកទទួលផលជាង៣៤១០០០នាក់៕






