
ក្រុងសៀមរាប៖ អាជ្ញាធរមីន នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឫវត្ថុសង្ស័យសូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះវាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដូចនេះត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសម្អាតមីន។

អាជ្ញាធរមីន បានគូសបញ្ជាក់ថា សម្រាប់លេខទូរសព្ទដែលខលមករាយការណ៍រួមមាន៖ ០១២ ៨០០ ៤៧៣, ០១១ ៣៨ ៣៩ ៣៧, ០៩៧ ៤៨៩៥៦០០,០៦៦ ៦១២ ៦១៣,០៦៣ ៩៦ ៣៤ ៩៩។ អាជ្ញាធរមីន បន្ថែមថា នៅថ្ងៃទី៧សីហានេះ ក្រុមការងារបានបន្តចុះផ្សព្វផ្សាយសារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅមណ្ឌលជនភៀសសឹក ក្នុងវត្តជ្រោយនាងងួន ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ការចុះនេះដែរ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ អាជ្ញាធរមីន សូមក្រើនរំឮកបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម។

គួរជម្រាបថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុដល់ប្រជាពលរដ្ឋភៀសសឹក កាលពីថ្មីៗនេះ អាជ្ញាធរមីន ស្នើអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវដឹកនាំការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ នៅតាមទីតាំងសុវត្ថិភាព។ ក្នុងនោះ ពិនិត្យលទ្ធភាពដាក់បញ្ចូលការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការបោសសម្អាត នៅក្នុងកម្មវិធីរបស់ស្ថាប័ន អង្គភាពនានា នៅតាមទីតាំងសុវត្ថិភាព និងទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ។

សូមរំឭកថា ការផ្ទុះអាវុធរវាងទាហានកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៤កក្កដា កន្លងទៅ កើតឡើងបន្ទាប់ពីទាហានថៃយកបន្លាលួសស្រាស់នៅប្រាសាទតាមាន់ធំ ហើយទាហានកម្ពុជាក៏ទៅដកវិញ ទើបបណ្ដាលឱ្យផ្ទុះអាវុធដាក់គ្នាតែម្ដង។ ការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង ដឹកគ្រាប់បែកចង្កោមជាច្រើនមកទម្លាក់ស្រោចមកលើទឹកដីកម្ពុជា ជាពិសេសគោលដៅយោធា ទីតាំងយុទ្ធោបករណ៍ ទីតាំងជនស៊ីវិល វត្តអារាម ផ្ទះសម្បែង និងទីតាំងប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕



