ព្រះអគ្គិ លេបត្របាក់រោងចក្រផលិតគ្រឿងបន្លាស់រថយន្តដ៏ធំមួយនៅប្រទេសថៃ
ហៀប ស៊ីថេត
មួយម៉ោងមុន

រាជធានីបាងកក៖ ព្រលឹមស្រាងៗ នាព្រឹកថ្ងៃចន្ទទី១០ ខែសីហា អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានលេបត្របាក់រោងចក្រផលិតគ្រឿងបន្លាស់រថយន្តដ៏ធំមួយ ក្នុងស្រុកបានពុង (Ban Pong) ខេត្តរជ្ជបុរី (Ratchaburi) ប្រទេសថៃ ខណៈថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ត្រូវបានពង្រាយដើម្បីគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែរហូតមកទល់ពេលនេះ អណ្តាតភ្លើងនៅតែបន្តឆាបឆេះ ពោលគឺ មិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។

គេហទំព័រហ្វេសប៊ុក «Fire & Rescue Thailand» បានបង្ហោះរូបភាព និងខ្លឹមសារព័ត៌មានថា ៖«នៅវេលាម៉ោង៥:៣០នាទីព្រឹក អគ្គិភ័យបានឆាបឆេះរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែង ដែលស្ថិតនៅភូមិ១៦ ឃុំថាផា (Tha Pha) ស្រុកបានពុង ខេត្តរជ្ជបុរី។ បច្ចុប្បន្ន រថយន្តដឹកទឹក និងរថយន្តពន្លត់អគ្គិភ័យមកពីច្រើនតំបន់ កំពុងប្រញាប់ប្រញាល់ទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ប៉ុន្តែភ្លើងនៅតែមិនទាន់ថមថយ ឬអាចគ្រប់គ្រងបាននៅឡើយទេ»។

អាជ្ញាធរថៃ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះ។ ចំពោះមូលហេតុពិតប្រាកដនៃការឆាបឆេះ ព្រមទាំងទំហំនៃការខូចខាត និងចំនួនជនរងគ្រោះ អាជ្ញាធរមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម នៅពេលណាអគ្គិភ័យត្រូវបានគ្រប់គ្រងទាំងស្រុងសិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត