
រាជធានីបាងកក៖ មិនមែនក្មេងស្ទាវ ក្រុមអ្នកលេង ឬពួកចោលប្លន់នោះទេ តែលើកនេះ គឺតំណាងរាស្រ្ត ដែលជាបញ្ញវន្តជាន់ខ្ពស់ផ្នែកនយោបាយ និងច្បាប់ បានបើកការបាញ់ប្រហារឆៅៗទាំងថ្ងៃចែស ដោយគ្មានញញើតអ្វីបន្តិចទាល់សោះ ធ្វើឱ្យសង្គមថៃកក្រើកសាជាថ្មីទៀត ខណៈហេតុការណ៍បាញ់ប្រហារនេះ ទើបតែកើតឡើង និងនៅដក់ជាប់ក្នុងភ្នែកប្រជាជនថៃស្រស់ៗនៅឡើយ។ ហេតុការណ៍បាញ់ប្រហារដ៏សាហាវថ្មីនេះ បានកើតឡើង នៅអង្គភាពរដ្ឋបាលខេត្តនន្ទបុរី (PAO) នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយបានបណ្ដាលឱ្យលោក ថងឆៃ យេនប្រាសើត (Thongchai Yenprasert) ជាប្រធានស្ថាប័នរដ្ឋបាលជាន់ខ្ពស់នេះ រងរបួសយ៉ាងធ្ងន់ធ្ងរ។

យោងតាមតម្រុយដំបូងពីសមត្ថកិច្ច បានបង្ហាញអត្តសញ្ញាណខ្មាន់កាំភ្លើងយ៉ាងច្បាស់ថា គឺជាអតីតអ្នកនយោបាយ និងជាអតីតតំណាងរាស្ត្រប្រចាំខេត្តនន្ទបុរី លោក ឆាឡុង រីរ៉ាំង (Chalong Riewrang) ដែលបានបាញ់៤-៥គ្រាប់ទៅលើប្រធានរដ្ឋបាលខេត្តនន្ទបុរី។ ចំណែក អ្នកបើករថយន្តរបស់ប្រធានរដ្ឋបាលខេត្តនេះ ក៏ត្រូវរបួសពីការបាញ់ប្រហារដែរ។ មានការសង្ស័យថា ជម្លោះដែលឈានដល់ការផ្ទុះអាវុធកក្រើកនេះ កើតចេញពីការបំណុល១១លានបាត ឬស្មោះជាង៣៣ម៉ឺនដុល្លារ តែពុំទាន់មានការបញ្ជាក់នោះទេថា នរណា ជំពាក់នរណា។

ភ្លាមៗ បន្ទាប់ពីស្នូរផ្ទុះអាវុធបានស្ងប់ស្ងាត់ទៅវិញ កម្លាំងនគរបាលជំនាញ និងអ្នកកោសល្យវិច័យបានចុះឡោមព័ទ្ធកន្លែងកើតហេតុទាំងស្រុង ដើម្បីស្រាវជ្រាវ ប្រមូលភស្តុតាងប្រកបដោយការប្រុងប្រយ័ត្ន និងសាកសួរចម្លើយសាក្សីផ្ទាល់ ដើម្បីគាស់កកាយមូលហេតុ ដែលឈានទៅដល់ការបាញ់ប្រហារមួយនេះ។ ក្រោយមក លោក ឆាឡុង រីរ៉ាំង អតីតតំណាងរាស្រ្តជាជនដៃឆៅ ត្រូវចាប់ខ្លួន។ លោក ថងឆៃ យេនប្រាសើត ដែលរងការបាញ់ប្រហារ គឺជាមន្ត្រីជាន់ខ្ពស់ និងជាប្រធានអង្គភាពរដ្ឋបាលខេត្តនន្ទបុរី ដែលជាស្ថាប័នរដ្ឋបាលដែនដីដ៏មានឥទ្ធិពល ដោយបានទទួលការបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងខេត្តនេះ។

សូមរម្លឹកថា កាលពីថ្ងៃទី៧ ខែសីហាថ្មីៗនេះ ទើបនឹងមានការបាញ់ប្រហារដ៏រន្ធត់នៅវិទ្យាល័យមួយក្នុងខេត្តនន្ទបុរីនេះឯង ដែលបណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និងជិត២០នាក់រងរបួស។ អ្នកស្លាប់ និងរបួស ភាគច្រើនជាគ្រូ និងសិស្សសាលា។ អ្វីដែលធ្វើឱ្យតក់ស្លុតបំផុតនោះ គឺអ្នកបាញ់ប្រហារ ជាសិស្សប្រុសអាយុទើប១៤ឆ្នាំ រៀនថ្នាក់ទី៩នៅសាលាដែលខ្លួនបើកការបាញ់ប្រហារ។ ដំបូង ក្មេងប្រុសរូបនេះ បាញ់សម្លាប់យាយតារបស់ខ្លួន ក្រោយមកក៏ទៅបាញ់រះនៅសាលា ហើយចុងក្រោយ បាញ់សម្លាប់ខ្លួនឯង៕



