
រាជធានីបាងកក៖ ប្រទេសថៃបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសភូមា ឬមីយ៉ាន់ម៉ា ដើម្បីជួយឱ្យប្រទេសនេះអាចចូលរួមពេញលេញឡើងវិញនៅក្នុងស្ថាប័នអាស៊ាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

ការប្រកាសនេះ ធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ របស់លោក មីន អ៊ុងឡាំង (Min Aung Hlaing) ទៅកាន់ប្រទេសថៃ ដើម្បីជួបភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល។ ទោះបីជាដំណើរទស្សនកិច្ចនេះរងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃ លោក សីហសក្តិ ភួងកេតកែវ បានបដិសេធការចោទប្រកាន់ដែលថា ថៃកំពុងផ្តល់ភាពស្របច្បាប់ដល់របបសឹកភូមា ដោយលោកបានគូសបញ្ជាក់ថា៖«នេះមិនមែនជារឿងផ្តល់ភាពស្របច្បាប់ទេ ប៉ុន្តែវាជារឿងពិតជាក់ស្តែង ព្រោះថៃជាប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា ហើយត្រូវតែសហការគ្នាដើម្បីដោះស្រាយបញ្ហាសន្តិសុខ ឧក្រិដ្ឋកម្មឆ្លងដែន និងការស្តារសេដ្ឋកិច្ច»។

គួរបញ្ជាក់ថា អាស៊ានបានហាមឃាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ភូមាមិនឱ្យចូលរួមប្រជុំកំពូល ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ មក ដោយតម្រូវឱ្យមេដឹកនាំភូមា អនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព៥ចំណុច ជាមុនសិន។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអាស៊ាន ហាក់កំពុងមានភាពខ្វែងគំនិតគ្នា លើវិធីសាស្ដ្រដោះស្រាយវិបត្តិនេះ ខណៈប្រទេសថៃបានជ្រើសរើសយកការទាក់ទងដោយផ្ទាល់ជាជំហានៗ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព និងរក្សាស្ថិរភាពសេដ្ឋកិច្ចតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕



