ថៃហ្វឹកហ្វឺនរថពាសដែកបែបស.ង្គ្រា.មជាក់ស្ដែង និងប្រកាសត្រៀមខ្លួនគ្រប់បេសកកម្ម
ហៀប ស៊ីថេត
2 ម៉ោងមុន

រាជធានីបាងកក៖ ក្នុងបរិបទដែលស្ថានការណ៍សន្តិសុខព្រំដែនជាមួយកម្ពុជាកំពុងផ្លាស់ប្ដូរ និងប្រឈមមុខនឹងសង្គ្រាមដ៏ស្មុគស្មាញ ស្រាប់តែអគ្គបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានចុះពិនិត្យ និងដឹកនាំការហ្វឹកហ្វឺនយុទ្ធវិធីរថពាសដែកដោយផ្ទាល់ ដោយបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យបង្កើនការហ្វឹកហ្វឺនស្របតាមស្ថានភាពជាក់ស្ដែង ដើម្បីធានាបាននូវកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លា និងត្រៀមខ្លួនជាស្រេច១០០ភាគរយ សម្រាប់គ្រប់បេសកកម្ម។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក ផៈណា ក្លែវផ្លដធូក (Phana Klaewplodthuk) អគ្គបញ្ជាការកងទ័ពភូមិន្ទថៃ បានដឹកនាំប្រតិភូនាយទាហានជាន់ខ្ពស់ ចុះត្រួតពិនិត្យការហ្វឹកហ្វឺនយុទ្ធវិធីរួមគ្នា នៅក្នុងតំបន់ហ្វឹកហ្វឺនយុទ្ធវិធីយោធភូមិភាគ៣ ខេត្តសុខោទ័យ។ នៅក្នុងឱកាសនោះ អគ្គបញ្ជាការថៃ បានវាយតម្លៃដោយផ្ទាល់លើសមត្ថភាពរបស់រថពាសដែកកង់កៅស៊ូ VN-1 កង់៨ ក្នុងការអនុវត្តប្រតិបត្តិការយុទ្ធវិធីសង្គ្រាមសម័យទំនើប រួមមាន៖ ការវាយប្រហារបុកទម្លុះ, ការរៀបចំខ្សែត្រៀមការពារ, និងប្រតិបត្តិការប្រយុទ្ធពន្យារពេល។

លោក ផៈណា ក្លែវផ្លដធូក
លោក ផៈណា ក្លែវផ្លដធូក

លោក ផៈណា បានគូសបញ្ជាក់ថា៖«សង្គ្រាមនាពេលបច្ចុប្បន្នមានទម្រង់ខុសប្លែកពីអតីតកាលទាំងស្រុង។ រថពាសដែកកង់កៅស៊ូ គឺជាអាវុធយុទ្ធសាស្ត្រដែលមានភាពចល័តលឿន និងមានកម្លាំងបាញ់ប្រហារកម្ទេចខ្ពស់។ ប៉ុន្តែ អាវុធទំនើបនេះអាចទាញយកប្រសិទ្ធភាពបានខ្លាំង លុះត្រាតែមានការហ្វឹកហ្វឺនយ៉ាងម៉ត់ចត់ជាប្រចាំ រវាងអ្នកបញ្ជាការ ក្រុមការងារបញ្ជា និងកម្លាំងគាំទ្រ»។ ការចុះពិនិត្យការហ្វឹកហ្វឺនយ៉ាងប្រញាប់ប្រញាល់នេះ បានធ្វើឡើងស្របពេលដែលស្ថានការណ៍សន្តិសុខតាមព្រំដែន និងក្នុងតំបន់កំពុងមានភាពតានតឹងខ្លាំង ជាពិសេសភាពវឹកវរក្នុងប្រទេសថៃខ្លួនឯងផ្ទាល់តែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត