នាយករដ្ឋមន្ត្រីថៃ ប្រកាសត្រៀមចេញច្បាប់គ្រប់គ្រងកាំ.ភ្លើ.ង ក្រោយសិស្សសាលាអាយុទើប១៤ឆ្នាំ បើកការបា.ញ់ប្រ.ហារយ៉ាងសាហាវ
ហៀប ស៊ីថេត
មួយម៉ោងមុន

រាជធានីបាងកក៖ ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយហេតុការណ៍បាញ់ប្រហារដ៏កក្រើកមួយនៅប្រទេសថៃ ដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច៨នាក់ លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរកុល (Anutin Charnvirakul) ក៏ប្រកាសពីការប្តេជ្ញាចិត្តថា នឹងដាក់ចេញនូវច្បាប់ថ្មីស្តីពីការគ្រប់គ្រងកាំភ្លើង។ ថៃ ត្រូវគេមើលឃើញថា ជាប្រទេស ដែលមានអត្រាកាន់កាំភ្លើងខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

លោក អនុទីន ដែលកាលពីមុនធ្លាប់បានរឹតបន្តឹងច្បាប់ស្តីពីកាំភ្លើងរួចមកហើយនោះ ត្រៀមនឹងស្នើច្បាប់មួយទៀត ដើម្បីរឹតត្បិតការកាន់កាប់កាំភ្លើងជាសាធារណៈ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រទី៧ ខែសីហា ថា ៖«ច្បាប់ថ្មីនេះ នឹងអនុញ្ញាតឱ្យតែមន្ត្រីរាជការដែលកំពុងបំពេញតួនាទីផ្លូវការប៉ុណ្ណោះ ទើបអាចកាន់អាវុធបាន»។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះទេ។ នៅថៃបច្ចុប្បន្ន អនុញ្ញាតឱ្យមានបណ្ណកាន់កាប់អាវុធដាច់ដោយឡែកពីគ្នា គឺសម្រាប់សិទ្ធិជាម្ចាស់កម្មសិទ្ធិ និងសិទ្ធិក្នុងការយកតាមខ្លួន។

បើយោងតាមការប៉ាន់ស្មានកាលពីឆ្នាំ២០១៧ ដោយអង្គការស្ទង់មតិអាវុធស្រាល ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបង្ហាញថា ប្រទេសថៃមានកាំភ្លើងប្រមាណ១០លាន៣សែនដើម ក្នុងដៃពលរដ្ឋស៊ីវិល។ ចំនួននេះ ស្មើនឹងប្រហែល១៥ដើម ក្នុងចំណោមប្រជាពលរដ្ឋ១០០នាក់ ពោលគឺស្ថិតក្នុងអត្រាខ្ពស់ជាងគេបំផុតក្នុងតំបន់។ ក្នុងចំណោមនោះ មានអាវុធជាង៦លានដើមប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីត្រឹមត្រូវ ខណៈប្រមាណ៤លានដើមទៀតគឺជាអាវុធខុសច្បាប់ ឬគ្មានប្រភពច្បាស់លាស់។

នៅក្នុងហេតុការណ៍កាលពីថ្ងៃសុក្រទី៧ ខែសីហា ក្មេងប្រុសវ័យទង់អាយុទើប១៤ឆ្នាំ រៀនថ្នាក់ទី៩ បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន មុននឹងបន្តបាញ់ប្រហារសម្លាប់មនុស្ស៨នាក់ទៀត និងបាញ់សម្លាប់ខ្លួនឯង នៅឯសាលារៀនមួយកន្លែងជាយរាជធានីបាងកក ប្រទេសថៃ។ គួររំលឹកផងដែរថា ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់បែបនេះ ក៏ធ្លាប់បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសថៃ រួមទាំងហេតុការណ៍នៅតាមសាលារៀន ផ្សារទំនើបធំៗក្នុងទីក្រុងបាងកក និងហេតុការណ៍ឃាតកម្មសម្លាប់រង្គាលកាលពីឆ្នាំ២០២២ នៅភាគឦសានប្រទេស ដែលបានឆក់យកជីវិតមនុស្សដល់ទៅ៣៦នាក់ ក្នុងនោះមានកុមារដល់ទៅ២២នាក់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត