ប្អូនស្រី គីម ជុងអ៊ុន ព្រលះជប៉ុនធ្ងន់ៗ ជុំវិញការធ្វើតេស្តមីស៊ីល Tomahawk ផលិតដោយអាម៉េរិក
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ លោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចេញមុខព្រមាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ថា រដ្ឋធានីព្យុងយ៉ាងនឹងអនុវត្តជម្រើសយោធាបន្ថែម ដើម្បីឆ្លើយតបទៅនឹងការប្រែក្លាយខ្លួនជាមហាអំណាចយោធារបស់ជប៉ុន បន្ទាប់ពីរាជធានីតូក្យូ បាញ់សាកល្បងមីស៊ីលតម្រង់ទិសប្រភេទ Tomahawk ផលិតដោយសហរដ្ឋអាម៉េរិក...។

 លោកស្រី គីម យូជុង
 លោកស្រី គីម យូជុង

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយដោយភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោកស្រី គីម យូជុង បានចោទប្រកាន់ជប៉ុនថា កំពុងបោះជំហានហួសពីគោលជំហរការពារខ្លួន ហើយប្រែក្លាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យទៅជាកម្លាំងសម្រាប់ការវាយប្រហារមុន និងបំពេញប្រតិបត្តិការយោធានៅក្រៅប្រទេស។ លោកស្រី បានលើកឡើងពីការបាញ់សាកល្បងមីស៊ីល Tomahawk ថ្មីៗនេះ ចេញពីនាវាបំផ្លាញ Aegis Destroyer Chokai នៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ព្រមទាំងការចូលរួមក្នុងសមយុទ្ធយោធារួមគ្នា ដែលដឹកនាំដោយសហរដ្ឋអាម៉េរិកនៅប្រទេសហ្វីលីពីន។

លោកស្រីបានសង្កត់ធ្ងន់ថា កូរ៉េខាងជើង នឹងឆ្លើយតបតាមរបៀបដែលធ្វើឱ្យជប៉ុនមានអារម្មណ៍ថា សន្តិសុខរបស់ខ្លួនកំពុងស្ថិតក្នុងគ្រោះថ្នាក់កាន់តែធំ និងបានពោលពាក្យធ្ងន់ៗថា «យើងត្រូវតែធ្វើឱ្យពួកគេស្ដាយក្រោយ»។ បន្ថែមពីនេះ លោកស្រី ក៏បានចោទប្រកាន់សហរដ្ឋអាម៉េរិក ថា ជាអ្នកនៅពីក្រោយការជួយជ្រោមជ្រែងដល់ការកសាងកម្លាំងយោធារបស់ជប៉ុន តាមរយៈការផ្គត់ផ្គង់មីស៊ីល Tomahawk និងការកែច្នៃនាវាចម្បាំងសម្រាប់ប្រតិបត្តិការបាញ់មីស៊ីលទាំងនោះ។ លោកស្រីបន្ថែមថា ការដែលជប៉ុនទទួលបានសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយបែបនេះ គឺបានដាក់កូរ៉េខាងជើង និងប្រទេសជិតខាង ឱ្យស្ថិតនៅក្នុងរង្វង់បាញ់ប្រហាររបស់ជប៉ុន យ៉ាងច្បាស់ក្រឡែត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត