រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលថៃកំពុងធ្វើ នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនអន្តរជាតិដែលមានមូលដ្ឋានតាមច្បាប់បានទេ

អត្ថបទដើមទាំងស្រុងដោយ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
រាជធានីភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះខ្លឹមសារព័ត៌មាននៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលអង្គភាពសារព័ត៌មាន SBM News សម្រង់យកមកចុះផ្សាយនូវខ្លឹមសារដើមទាំងស្រុង ដូចតទៅ៖«ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលថៃកំពុងធ្វើ នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនអន្តរជាតិដែលមានមូលដ្ឋានតាមច្បាប់បានទេ...។»

យោងតាមមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការពិតផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារផែនទី មិនអាចត្រូវបានបំភ្លៃដោយការអះអាងជាឯកតោភាគីណាមួយបានឡើយ។ កុំថាឡើយផែនទីមាត្រដ្ឋាន ១/២០០ ០០០ ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជា សូម្បីតែផែនទីមាត្រដ្ឋាន ១/៥០ ០០០ ស៊េរី L7017 ដែលថៃរៀបចំដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅខាងទឹកដីកម្ពុជាដែរ។ ហេតុដូច្នេះ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីចូលកាន់កាប់ទីតាំងទាំងនេះ មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាព ឬផ្លាស់ប្តូរខ្សែព្រំដែនអន្តរជាតិបានឡើយ។ កម្លាំងយោធាមិនអាចជំនួសច្បាប់ ហើយការកាន់កាប់ដោយកម្លាំងមិនអាចក្លាយជាមូលដ្ឋានស្របច្បាប់សម្រាប់ទាមទារទឹកដីបានទេ។

កម្ពុជាចាត់ទុកសកម្មភាពរបស់យោធាថៃក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធចូលមកលើទឹកដីកម្ពុជា និងការបន្តកាន់កាប់ទីតាំងក្នុងទឹកដីកម្ពុជា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ កម្ពុជាបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ និងមិនទទួលស្គាល់ជាដាច់ខាតនូវស្ថានភាពណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ឬការកាន់កាប់ដោយខុសច្បាប់នោះឡើយ។ ការកាន់កាប់ដោយកម្លាំង មិនមែនជាការកំណត់ព្រំដែន។ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនដែលមានមូលដ្ឋានតាមច្បាប់បានទេ។ កម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ ដូច្នេះ ភាគីថៃគួរបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលអាចបង្កើតស្ថានភាពថ្មីនៅលើដី គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយបញ្ហាដែលនៅសេសសល់តាមមធ្យោបាយសន្តិវិធី និងច្បាប់ មិនមែនតាមរយៈអំណាចយោធាឡើយ។ ផែនទីមិនអាចត្រូវបានគូសឡើងវិញដោយកម្លាំងអាវុធ ហើយព្រំដែនអន្តរជាតិមិនអាចត្រូវបានផ្លាស់ប្តូរដោយការកាន់កាប់យោធានោះទេ។ រូបភាពភ្ជាប់មកជាមួយ៖ កងទ័ពកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ គន់ គីម បានចុះពិនិត្យមើលការសាងសង់ជណ្តើរឡើងទៅប្រាសាទខ្នារនៅឆ្នាំ២០១៧ និងរូបភាពកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត