ធឿន ធារ៉ា ប្រើពេល២ទឹក២៥វិនាទី ផ្តួលកីឡាករម៉រ៉ុក អូម៉ាអែល មូរ៉ាប៊ែត ឱ្យបោះបង់ការប្រកួត

រាជធានីភ្នំពេញ៖ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ផ្តួលកីឡាករ អូម៉ាអែល មូរ៉ាប៊ែត ជើងខ្លាំងមកពីប្រទេសម៉ារ៉ុកឱ្យបោះបង់ការប្រកួតនៅដើមទឹកទី៣ បន្ទាប់ពីអ្នកលេងពូថៅដៃពិឃាតប្រើកណ្តាប់ដៃមហាទម្ងន់របស់ខ្លួនវាយចូលចុងដង្ហើម  កីឡាករ អូម៉ាអែល បណ្តលឱ្យលោកអជ្ញាកណ្តាលរាប់ដល់១០មិនអាចក្រោករួច...។

ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរក្នុងកម្មវិធីលេខកូដមរណៈ ៨X៨ (Death Code 8:8) នៃសេនាគុនខ្មែរយន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ថោនពិតជាកក្រើកមិនធម្មតា កាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ដោយគូបើកឆាក កីឡាករ ឌឹម សារុំ បានយកឈ្នះកីឡាករមកពីប្រទេសម៉ុងហ្គោលី នីមហ្គេរែល ដោយពិន្ទុ និងកីឡាករ រិន ដេវីត ផ្តួលជើងខ្លាំងមកពីប្រទេសជប៉ុន ហាំមើ ស៊ូហ្សូគិ ដោយលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្រោយរាប់៣ដងក្នុងទឹកទី២។ កីឡាករ ទូច ដេវីត ក៏មិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តដែរ រូបគេបានផ្តួលជើងខ្លាំងមកពីប្រទេសបារាំង អាប់ឌែល ហ្វាតា មីណៃ នៅទឹកទី២ដូចគ្នានឹង រិន ដេវីត ដែរ។ ចំណែក គូដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ហ្កង់ចេញម្រាមរវាង កីឡាករ រីគី សេងថង ជួបកីឡាករ លីយ៉ា សេនកូ មកពីប្រទេសរុស្ស៊ី បានរងបរាជ័យជាលើកទី២ របូតខ្សែក្រវាត់ ដោយ កីឡាករ លីយ៉ា សេនកូ ផ្តួលនៅទឹកទី១ ជាថ្មីម្តងទៀត។

វិលមកការប្រកួតមិត្តភាពអន្តរជាតិវិញ រវាង កីឡាករ ឃីម បូរ៉ា និងកីឡាករចិន ចាង ស៊ីចេង ម្ចាស់ខ្សែក្រវាត់កម្រិតអន្តរជាតិជាច្រើនស្ថាប័ន ក៏មិនចប់ទឹកដែរ ពោលគឺ ឃីម បូរ៉ា ប្រើស្នៀតជង្គង់ពិឃាតឡើងសន្ធាប់លើពោះទឹក ចាង ស៊ីចេង បណ្តាលឱ្យលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតនៅត្រឹមពាក់កណ្តាលទឹកទី២ ក្រោយពីរាប់៣ដងក្នុងមួយទឹក។ យ៉ាងណា​ មិត្តរួមជាតិ ចាង ស៊ីចេង ម្នាក់ទៀត គឺកីឡាករ ចាង បូរូ ក៏បានរងបរាជ័យដោយពិន្ទុទៅលើ កីឡាករ ចំរើន គុនខ្មែរ បន្ទាប់ពីកីឡាករទាំងពីរតស៊ូគ្នាពេញ៣ទឹក។ គូរងឯកប្រចាំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ក្នុងកម្មវិធីលេខកូដមរណៈ ៨X៨ (Death Code 8:8) នៃសេនាគុនខ្មែរយន្ត៨ទិស កីឡាករ អេ អាំម៉ារីនភូថង បានផ្តួលកីឡាករ លូកាស សានតូស កូនកាត់ជប៉ុន-ប្រេស៊ីល នៅពាក់កណ្តាលទឹកទី២ ក្រោយទាយាទអធិរាជស្តេចប្រដាល់គុនខ្មែររូបនេះ ប្រើជង្គង់អុកដៃគូផ្ទួនៗ ធ្វើឱ្យកីឡាករ លូកាស សានតូស មិនអាចបន្តការប្រកួតទៀតបាន។ ចំណែក គូឯករវាងកីឡាករ ធឿន ធារ៉ា និងកីឡាករ អូម៉ាអែល មូរ៉ាប៊ែត ជើងខ្លាំងមកពីប្រទេសម៉ារ៉ុក ក៏មិនបញ្ចប់ទឹកដូចគ្នា ដោយអ្នកលេងពូថៅដៃ បានប្រកណ្តាប់ដៃមហាទម្ងន់ដាល់ចំក្បលពោះ អូម៉ាអែល មូរ៉ាប៊ែត រហូតមិនអាចបន្តការប្រកួតទៀតបាន។

យ៉ាងណា តាមរយៈការប្រកួតឈ្នះដៃគូបរតែសផ្ទួនៗឡើងវិញនេះ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ទទួលបានការគាំទ្រខ្លាំងពីមហាជនឡើងវិញហើយ និងសង្ឃឹមថា រូបគេនឹងពង្រីកការហ្វឹកហាត់ ក៏ដូចជាពង្រឹងកម្លាំងស៊ុហ្វបន្ថែមទៀត ព្រោះមើលទៅកម្លាំងវាយរបស់ ធឿន ធារ៉ា ហាក់មិនទាន់ឡើងខ្លាំងដូចកាលពីពេលមុនឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត