
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រដ្ឋបាលរបស់លោក បានធ្វើការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការចរចាពេញមួយថ្ងៃ ដែលនេះបង្កើតជាក្ដីសង្ឃឹមយ៉ាងខ្លាំងអំពីការបញ្ចប់ជម្លោះដែលបានអូសបន្លាយអស់រយៈពេល៥ខែ កន្លងមក....។

ទីផ្សារប្រេងអន្តរជាតិបានឃើញតម្លៃប្រេងឆៅធ្លាក់ចុះ ខណៈទីផ្សារហ៊ុននៅតំបន់អាស៊ីបានស្ទុះកើនឡើងនៅថ្ងៃទី៥ ខែសីហានេះ បន្ទាប់ពីទីផ្សារភាគហ៊ុន Wall Street របស់អាម៉េរិក បានឡើងដល់កម្រិតកំណត់ត្រាខ្ពស់ ដោយសារក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងស្ដារការដឹកជញ្ជូនតាមច្រកសមុទ្ទហ័រមូស្ស ដែលកំពុងត្រូវគេបិទខ្ទប់ អាចនឹងឈានមកដល់ក្នុងពេលឆាប់ៗ។ លោក ត្រាំ មានប្រសាសន៍ថា ច្រកសមុទ្ទហ័រមូស្សនឹងត្រូវបើកឡើងវិញនាពេលឆាប់ៗ ដោយលោកបានបន្ថែមការព្រមានទៀតថា៖«ប្រសិនបើរដ្ឋាភិបាលរដ្ឋធានីតេហេរ៉ង់ដកថយ ឬក្រឡាស់សម្តី សាជាថ្មី ពួកគេនឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។

យោងតាមសារព័ត៌មាន Axios ផ្អែកលើប្រភពក្នុងតំបន់ និងមន្ត្រីសហរដ្ឋអាម៉េរិក បានរាយការណ៍ថា សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងខិតជិតដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីបើកច្រកសមុទ្ទឡើងវិញ ដោយមានការយល់ព្រមពីប្រទេសអូម៉ង់ផងដែរ។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានលើកឡើងថា កិច្ចព្រមព្រៀងនេះ អាចនឹងមានការយឺតយ៉ាវ ដរាបណាសហរដ្ឋអាម៉េរិកនៅតែបន្តគំរាមកំហែងមកលើប្រទេសអ៊ីរ៉ង់នោះ៕



