បីថ្ងៃនេះ គ្មានវត្តមានព្យុះទី១៤ តែព្យុះទី១៣ ដូលហ្វីន និងព្យុះទី១៥ ចាន់ហម បន្តសហការគ្នាបង្កឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ មិនមានវត្តមានព្យុះទី១៤ ឈ្មោះ គូជីរ៉ា ទេ ប៉ុន្តែព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន និងព្យុះទី១៥ ឈ្មោះ ចាន់ហម នៅតែរួមគ្នាបង្កឱ្យប្រទេសកម្ពុជា មានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពី៤០ដល់៧០ភាគរយ​...។

រូបតំណាង
រូបតំណាង

ក្រសួងធនធានទឹក គូសបញ្ជាក់ថា ព្យុះទី១៣ និងទី១៥ កំពុងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់បោកមកលើសមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង និងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី នាំឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្រប់ដណ្ដប់លើផ្ទៃដី៧០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧០ម៉ែត្រ។

តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ។ ចំណែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ មានខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿន៤ម៉ែត្រក្នុងមួយវិនាទី។ ធ្វើឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត