សមត្ថកិច្ចចាប់ជនបរទេស៨នាក់ ដែលសម្ងំបោកលុយនៅក្រុងបាវិត
ហាក់ អ៊ីឌី
14 ម៉ោងមុន

ក្រុងបាវិត៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនបរទេសចំនួន៨នាក់ ដែលលួចសម្ងំប្រព្រឹត្តអំពើឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចមិនទាន់បញ្ជាក់នោះទេថា ក្រុមជនសង្ស័យទាំងនោះ ជាជនជាតិអ្វី។ 

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ លោក ម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ និងក្តាប់បានព័ត៌មានអំពីសកម្មភាពមិនប្រក្រតីរបស់ក្រុមជនសង្ស័យទាំងនោះ ដែលបានជួលទីតាំងមួយកន្លែងក្នុងខេត្តស្វាយរៀង ដើម្បីធ្វើជាមូលដ្ឋានប្រតិបត្តិការឆបោកប្រាក់ពីជនរងគ្រោះតាមបណ្តាញសង្គម និងប្រព័ន្ធអ៊ីនធឺណិត។ 

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសប្រុសស្រីសរុប៨នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន កម្លាំងចម្រុះបានសម្រេចបិទទីតាំងនោះជាបណ្តោះអាសន្ន ព្រមទាំងបានបញ្ជូនខ្លួនជនសង្ស័យ និងសម្ភារៈអេឡិចត្រូនិចទាំងអស់ដែលរឹបអូសបាន ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត