ខំរៀនច្រើនឆ្នាំ ប្រយ័ត្នធ្លាក់បាក់ឌុបដោយស្វ័យប្រវត្តិ ដោយសារធ្វើរឿងខុសទាំងនេះ!
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវបេក្ខជនគ្រប់រូបត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះវត្ថុ និងឧបករណ៍ដែលត្រូវបានហាមឃាត់មិនឱ្យនាំចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡង...។

តើសម្ភារអ្វីខ្លះ ត្រូវបានហាមឃាត់មិនឱ្យបេក្ខជនយកចូលក្នុងបន្ទប់ប្រឡងបាក់ឌុប? បេក្ខជន មិនត្រូវលាក់ទុកជាប់នឹងខ្លួន ឬនាំចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ចំពោះសម្ភារទាំងនេះ រួមមាន៖ ទូរសព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ព្រមទាំងសំណៅឯកសារផ្សេងៗ។ ក្រសួងអប់រំ ព្រមានថា បេក្ខជនដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងវិន័យនៃការប្រឡង នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ដូច្នេះ ក្រសួងបានអំពាវនាវដល់បេក្ខជនទាំងអស់ឱ្យត្រៀមខ្លួនឱ្យបានល្អ មិនត្រូវយកវត្ថុ ឬឧបករណ៍ដែលត្រូវបានហាមឃាត់ទៅកាន់មណ្ឌលប្រឡងឡើយ ដើម្បីជៀសវាងការប៉ះពាល់ដល់លទ្ធផលប្រឡង និងរក្សាបាននូវសុចរិតភាពនៃការប្រឡង។ ផ្ទុយមកវិញ ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅរលូន បេក្ខជនគ្រប់រូបត្រូវបានអនុញ្ញាតឱ្យនាំយកចូលក្នុងបន្ទប់ប្រឡងនូវ ប៊ិកពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន និងរ៉ាបព័រទ័រ

សូមជម្រាបថា ការប្រឡងបានឌុបឆ្នាំ២០២៦នេះ មានបេក្ខជនជាង១៥ម៉ឺននាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រជាង៣ម៉ឺន៧ពាន់នាក់ និងបេក្ខជនថ្នាក់សង្គមជាង១១ម៉ឺននាក់។ ដំណើរការសំណេរត្រូវបានធ្វើឡើងនៅមណ្ឌលចំនួន២៤៤ ដែលស្មើនឹងជាង៦ពាន់បន្ទប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត