ក្រសួងបរិស្ថាន អំពាវនាវ«អ្នកបង្កើតមាតិកា»បញ្ឈប់ការផ្សព្វផ្សាយដែលជំរុញពីការជួញដូរ និងបរិភោគសត្វព្រៃ
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា អំពាវនាវដល់សាធារណជន និងអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម ឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬផលិតមាតិកាដែលជួយឃោសនា ជំរុញ ឬបង្ហាញពីការជួញដូរ ការបរិភោគ និងការចាប់សត្វព្រៃ ដែលជាសកម្មភាពខុសច្បាប់ និងអាចបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន...។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា 
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា 

ក្រសួងបរិស្ថានបង្ហោះសារក្រើនរំឭកនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយកត់សម្គាល់ថា កន្លងទៅមានការផ្សព្វផ្សាយពីជនខិលខូច ដែលមានបំណងបោកប្រាស់សាធារណជន ក៏ដូចជាការស្វែងរកការគាំទ្រ ដោយយកសត្វព្រៃមកធ្វើការផ្សព្វផ្សាយ ជាពិសេសលើបណ្តាញសង្គម ដែលមានចេតនាទាក់ទាញការចាប់អារម្មណ៍ ។ សកម្មភាពបែបនេះ អាចជំរុញឱ្យមានការប្រើប្រាស់ និងជួញដូរសត្វព្រៃ ព្រមទាំងបង្កផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិ។ ក្នុងន័យនេះ លោក ខ្វៃ អាទិត្យា ស្នើឱ្យក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតឹងរ៉ឹង អនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងការជួញដូរសត្វព្រៃតាមបណ្តាញអនឡាញ ដោយចាត់ទុកសកម្មភាពជួញដូរតាមប្រព័ន្ធអនឡាញជាបទល្មើសដូចគ្នានឹងការជួញដូរដោយផ្ទាល់។

អ្នកនាំពាក្យបរិស្ថានរូបនេះ ពន្យល់ថា ការស្រឡាញ់សត្វព្រៃមិនមែនមានន័យថា ត្រូវយកសត្វព្រៃមកចិញ្ចឹម ឬដាក់ក្នុងទ្រុងនោះទេ។ ជាពិសេស ការបរិភោគសាច់សត្វព្រៃ មិនមានអត្ថប្រយោជន៍សម្រាប់សុខភាពឡើយ ហើយអាចបង្កហានិភ័យដល់អ្នកបរិភោគ។ ដើម្បីចូលរួមការពារធនធានធម្មជាតិ អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញសង្គម សិល្បករ ព្រះសង្ឃ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ឱ្យចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីតម្លៃនៃព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ទោះបីមិនទាន់មានច្បាប់ដាច់ដោយឡែកមួយសម្រាប់គ្រប់គ្រងការជួញដូរសត្វព្រៃតាមអនឡាញក៏ដោយ ក៏សកម្មភាពផ្សព្វផ្សាយ លក់ បញ្ជាទិញ ឬដឹកជញ្ជូនសត្វព្រៃ ឬពងសត្វ តាមរយៈបណ្តាញសង្គម ដូចជា Facebook, TikTok និង Telegram ត្រូវបានចាត់ទុកជាបទល្មើសដែលអាចផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ក្រមបរិស្ថាន និងធនធានធម្មជាតិ បានហាមឃាត់ការជួញដូរសត្វព្រៃ និងកំណត់ទោសចំពោះបទល្មើសធនធានធម្មជាតិ។ លើសពីនេះ វត្ថុតាង សម្ភារៈ ឧបករណ៍ ឬមធ្យោបាយដែលប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ព្រមទាំងផលទុនដែលបានពីការជួញដូរ អាចត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋតាមបទប្បញ្ញត្តិច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត