
រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឱ្យក្មេងស្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងស្ត្រីជាម្តាយបានរងរបួសធ្ងន់ធ្ងរ បង្កឡើងដោយលោក ទ្រី សកក្កដា ជាអ្នកសិល្បៈដែលមានសារជាតិញៀនក្នុងខ្លួន កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចស្តុប តាមផ្លូវ៥៩៨ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកសិល្បៈប្រើថ្នាំញៀនរូបនេះ បានបើករថយន្តថយក្រោយ ហើយក៏កិនក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ ខណៈម្តាយរងរបួសធ្ងន់។

ពេលនេះ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារចរាចរណ៍ បានប្រកាសរកមេធាវីជួយការពារក្តីគ្រួសារជនរងគ្រោះដោយមិនគិតកម្រៃឡើយ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែសីហានេះ លោក ហេង រតនា បានគូសបញ្ជាក់ថា លោកទទួលបានការអនុញ្ញាត និងឯកភាពពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ ក្នុងការពឹងពាក់មេធាវីនេះ។ លោក ហេង រតនា បន្តថា លោកមេធាវី ម៉ី រាត្រី និងលោកមេធាវី ទឹម ហេងលី នឹងរៀបចំពាក្យបណ្តឹង ដើម្បីការពារសិទ្ធិឱ្យភាគីជនរងគ្រោះដោយស្មគ្រចិត្ត។ លោក បង្ហាញអារម្មណ៍ថា ក្មេងស្រីរងគ្រោះ បានបាត់បង់ជីវិតគួរឱ្យអាណិត និងសង្វេគបំផុត។ លោក ប្រកាសថា ជនបង្ក នឹងមិនឱ្យរួចខ្លួនឡើយ។

សូមរម្លឹកថា ដំបូងឡើយគេឃើញជនបង្ក បើករថយន្តមួយគ្រឿងម៉ាក BYD ពណ៌ខ្មៅ ក្នុងទិសដៅពីជើងទៅត្បូង តែពេលធ្វើដំណើរមកដល់ចំណុចស្តុប (ជាកន្លែងកើតហេតុ) ក៏ស្រាប់តែឈប់ ហើយដេកលង់លក់។ ភ្លាមៗ ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ ហើយពេលនោះ កងរាជអាវុធហត្ថ បានគោះទ្វារដាស់ ស្រាប់តែជនបង្ក បានបើករថយន្តថយក្រោយ ទៅបុករះរថយន្តចំនួន២គ្រឿងផ្សេងទៀត និងកិនម៉ូតូ១គ្រឿង បណ្ដាលឱ្យក្មេងស្រីបាត់បង់ជីវិត ខណៈម្តាយបានរងរបួសធ្ងន់។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្តដែលគេស្គាល់ឈ្មោះលើបណ្ដាញសង្គមថា Ah Da Sakada បញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ហើយធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន។ ជាលទ្ធផល បង្ហាញថា ជនបង្កពិតជាបានប្រើប្រាស់ថ្នាំញៀនមែន។ បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនជនបង្ករូបនេះ ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕






