ស៊ីម៉ាក់ ចុះហត្ថលេខាសហការជាមួយអង្គការជប៉ុន IMCCD រួមគ្នាបោសសម្អាតមីនតោនតាមសហគមន៍
S
Soriya Sou
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោក តាកាយ៉ាម៉ា រីអូជី (Takayama Ryoji) ប្រធានអង្គការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍសហគមន៍ (IMCCD) នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូលើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍»…។

អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា គម្រោងនេះត្រូវអនុវត្តរយៈពេល១ឆ្នាំ​ គិតចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៧ រំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ។ នេះជាកិច្ចព្រមព្រៀងសហការថ្មី ខណៈកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីឆ្នាំ២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែសីហាខាងមុខ។ លោក ហេង រតនា បានឱ្យដឹងថា លោក តាកាយ៉ាម៉ា រីអូជី អតីតនាយទាហានជប៉ុនដែលបានចូលរួមបេសកកម្មសន្តិភាពនៅកម្ពុជា នៅសម័យអ៊ុនតាក់ ​ និងបានសហការការងារជាមួយលោកជាង២៤ឆ្នាំមកហើយ​ ដោយបានខិតខំប្រមែប្រមូលសម្បុរសជនជប៉ុនក្មេងចាស់ប្រុសស្រី​ ដើម្បីបន្តរួមចំណែកជាមួយអង្គភាពស៊ីម៉ាក់ ទាំងការផ្ដល់សុខសុវត្ថិភាព​ ការលើកកម្ពស់ជីវភាពរស់នៅ​ រហូតមានការជួយកុមារនៅឃុំតាសែន ស្រុកកំរៀង​ ខេត្តបាត់ដំបង រៀនចប់ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន​ និងមានចលនាក្រមហ៊ុនជប៉ុនវិនិយោគរោងចក្រ នៅក្នុងឃុំតាសែន​ជាដើម ។ល។

សូមជម្រាបថា គិតចាប់តាំងពីឆ្នាំ២០១១ ដល់ខែសីហា ឆ្នាំ២០២៥ គម្រោងរបស់អង្គការ IMCCD បានបោសសម្អាតមីន លើផ្ទៃដីប្រមាណជិត៧គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២១១៩គ្រាប់។ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន៦២៤គ្រាប់ គ្រាប់មីនប្រឆាំងយានយន្តចំនួន១១៨គ្រាប់ និងសំណល់សង្គ្រាមចំនួន១៣៧៧គ្រាប់ និងបានឆ្លើយតបសំណើបន្ទាន់ចំនួន៥ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត