
រាជធានីភ្នំពេញ៖ តាមរយៈក្រសួងការបរទេស រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រទេសថៃ ឈប់បង្កើតលេសក្នុងចេតនាពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនគោក ហើយបែរជាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

ការអំពាវនាវរបស់កម្ពុជា ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ចេញដោយក្រសួងការបរទេសនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោកលោក សីហសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ។ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និយាយនៅទីក្រុងប៉េកាំង ទាំងមិនសមហេតុផលថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ទ (UNCLOS) គឺស្មើនឹង «បិទទ្វារ» ចំពោះការចរចាលើព្រំដែនគោក។ ក្រសួងការបរទេសកម្ពុជា បកស្រាយត្រឡប់ទៅវិញថា «នេះមិនមែនជាការពិតទាល់តែសោះ»។ ក្រសួងការបរទេសកម្ពុជា ពន្យល់ទៅថៃឱ្យយល់ថា ព្រំដែនសមុទ្ទ និងព្រំដែនគោក ត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការទ្វេភាគីផ្សេងគ្នា ហើយកម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្ទតែមួយគត់។

ក្រសួងការបរទេសកម្ពុជា បន្តថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ទ គឺជាមធ្យោបាយសន្តិវិធី ដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្ទ ហើយការប្រើប្រាស់នីតិសមុទ្ទនេះគួរតែត្រូវបានចាត់ទុកជាការផ្ដល់ទំនុកចិត្ត ជាជាងបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយ ដែលមានការប្តេជ្ញាចិត្តពិតប្រាកដចំពោះគោលការណ៍ច្បាប់អន្តរជាតិ។

គួររំឭកឡើងវិញថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ ដែលបានព្រមព្រៀងគ្នាសម្រាប់ការចរចាទ្វេភាគីលើបញ្ហាក្នុងដែនសមុទ្ទ ទោះបីកម្ពុជាបានស្នើសុំដោយផ្ទាល់មិនឱ្យធ្វើដូច្នេះក៏ដោយ។ «ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យាររពេល ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួច។ គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ ទាំងលើការអនុវត្តជាក់ស្តែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យាររពេលបន្តអនុវត្តការងារខណ្ឌសីមាព្រំដែន ស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្ទក្រោមយន្តការ UNCLOS នោះទេ»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ហើយសង្កត់ធ្ងន់ថា ការពន្យាររពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ។

សូមជម្រាបថា បញ្ហាដែលថៃបង្កដាក់កម្ពុជា ក៏ត្រូវបានលើកឡើងដោយអង្គការ ឬសហគមន៍អន្តរជាតិផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី១១កក្កដាកន្លងទៅថ្មីៗនេះ សភានៃប្រទេសនិយាយភាសាបារាំង (APF) បានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ហើយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបង្ហាញការគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែន។ សហគមន៍អន្តរជាតិរំពឹងថា ថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលសម្រេចឱ្យកម្ពុជាឈ្នះថៃលើសំណុំរឿងប្រាសាទព្រះវិហារ ហើយជំរុញឱ្យភាគីទាំងពីរកំណត់ព្រំដែនគោកស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧៕





