
ទីក្រុងញូវយ៉ក៖ ពីទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ...។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃ២៧ឧសភានេះថា ក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា៖«នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ»។

លោកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានថ្លែងថា ដោយដកស្រង់ចេញពីបទពិសោធប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រឱ្យមានឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាការកត់សម្គាល់ បញ្ហាជម្លោះព្រំដែនថៃឈ្លានពានកម្ពុជា គឺប្រធានបទចម្បងដែលប្រមុខការទូតកម្ពុជា បន្តនាំយកទៅរាយការណ៍ប្រាប់បណ្តាប្រទេសនានា មិនថាក្នុងកិច្ចប្រជុំផ្លូវការ ឬតាមរយៈជំនួបទ្វេភាគីខ្លីៗនៅទីនោះ។ ជាក់ស្តែង ខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបដាច់ដោយឡែក និងពិភាក្សាការងារទ្វេភាគីជាមួយ លោក មីឆែល ចច ឌីសុមប្រេ (Michael George DeSombre) ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ក្នុងជំនួបនេះ ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីការទូតដ៏សកម្មរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរាជធនីគូឡាឡាំពួរ។

ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានជំនួបពិភាក្សាខ្លី និងផ្លាស់ប្ដូរការសួរសុខទុក្ខជាមួយ លោក ភីតរ៍ ម៉ាស៊ីនក (Petr Macinka) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋឆែក, លោក មហាមេធ អ៊ីសាហ្គ ដារ (Mohammad Ishaq Dar) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន, លោក ជេយហ៊ុន បាយរ៉ាម៉ូវ (Jeyhun Bayramov) រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់, លោក ប្រ៊ូណូ រ៉ូឌ្រីហ្គេស ប៉ារីលឡា (Bruno Rodríguez Parrilla) រដ្ឋមន្ត្រីការបរទេសគុយបា និងលោក អាប់ឌុលឡាទីហ្វ ប៊ីន រ៉ាស៊ីដ អាល់-ហ្សាយ៉ានី (Abdullatif bin Rashid Al-Zayani) រដ្ឋមន្ត្រីការបរទេសបារ៉ែន។ តាមក្រសួងការបរទេស គ្រប់ជំនួបទាំងនោះ លោកប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសនីមួយៗ ព្រមទាំងបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសទាំងអស់ អំពីបច្ចុប្បន្នភាពចុងក្រោយពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ៕





