
រាជធានីភ្នំពេញ៖ ជនជាតិចិន៦នាក់ ត្រូវកងរាជអាវុធហត្ថ តាមចាប់ខ្លួនពីខេត្តកំពតរហូតដល់រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅអគារ១កន្លែង ក្បែរមាត់ទន្លេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត .....។

កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តកំពត បានធ្វើការស្រាវជ្រាវយ៉ាងក្ដៅគគុក និងដេញតាមភូមិសាស្ត្រ រហូតកំណត់មុខសញ្ញា និងទីតាំងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនបានយ៉ាងច្បាស់លាស់ រួចក៏បានសហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់បានជាបន្តបន្ទាប់នៅនឹងកន្លែង។ រីឯជនរងគ្រោះក្នុងករណីចាប់ជំរិត ត្រូវបានអាជ្ញាធរជួយសង្គ្រោះចេញពីទីតាំងកើតហេតុភ្លាមៗ។

បច្ចុប្បន្ន ជនសង្ស័យជាជនជាតិចិនទាំង៦នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ដើម្បីធ្វើការសាកសួរ និងបន្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដែលជាម្ចាស់សំណុំរឿង ចាត់វិធានការតាមនីតិវិធីច្បាប់៕




