
រាជធានីបាងកក៖ ខ្មាន់កាំភ្លើងដែលជាសិស្សសាលាម្នាក់ បានបើកការបាញ់ប្រហារក្នុងវិទ្យាល័យមួយ ក្បែររាជធានីបាងកក នៅថ្ងៃសុក្រទី៧សីហានេះ ដោយរបាយការណ៍បមឋ បង្ហាញថា មានមនុស្ស៧ បាត់បង់ជីវិត និងជាង១០នាក់ផ្សេងទៀត (ក្នុងនោះ មានសិស្សផង) បានរងរបួស។

ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅវិទ្យាល័យ ឌេបស៊ីរិន (Debsirin Nonthaburi) ក្នុងស្រុកបាងគ្រួយ (บางกรวย) ខេត្តនន្ទបុរី ភាគពាយ័ព្យនៃរាជធានីបាងកក។ រូបភាពពីកន្លែងកើតហេតុ បានបង្ហាញពីសកម្មភាពជ្រួលច្របល់ ហើយសិស្សរាប់សិបនាក់ បានរត់ភៀសខ្លួនចេញពីសាលារៀន ស្របពេលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ កំពុងប្រញាប់ប្រញាល់ដឹកបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។

ប្រទេសថៃ ត្រូវបានគេស្គាល់ថា ជាប្រទេសមានអត្រាកាន់កាប់កាំភ្លើងខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានអាវុធប្រមាណ១០លានដើម កំពុងចរាចរ។ សោកនាដកម្មបាញ់ប្រហារក្នុងសាលារៀនលើកនេះ មិនមែនជាលើកទីមួយទេ ដោយកាលពីខែកុម្ភៈកន្លងទៅ ក៏មានករណីសិស្សបើកការបាញ់ប្រហារសម្លាប់នាយកសាលា និងធ្វើឱ្យសិស្ស២នាក់រងរបួសនៅភាគខាងត្បូងប្រទេសផងដែរ ខណៈកាលពីឆ្នាំ២០២២ មានករណីបាញ់ប្រហារនៅមជ្ឈមណ្ឌលកុមារមួយកន្លែង បានសម្លាប់កុមារ២៤នាក់ និងមនុស្សពេញវ័យ១២នាក់ យ៉ាងរន្ធត់បំផុត៕




