
ក្រុងប៉ោយប៉ែត៖ ពលករខ្មែរចំនួន៧១នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦…។

លោកវរសេនីយ៍ទោ សេម មករា នាយសេនាធិការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ និងមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឱ្យដឹងថា ពលករខ្មែរដែលភាគីថៃបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា មានចំនួន៧១នាក់ ក្នុងនោះមានស្រី២៣នាក់ និងកុមារ២នាក់ ត្រូវបានអាជ្ញាធរកម្ពុជាយកអាហារសម្រន់ មានបាយម្នាក់មួយប្រអប់ និងនំប៉័ងមួយ ទឹកបរិសុទ្ធមួយដប។លោកបញ្ជាក់បន្ថែមថា ពលករខ្មែរដែលភាគីថៃចាប់បញ្ជូនមកនោះ មានអាជីវករលក់ដូរនៅផ្សាររ៉ុងក្លឿ ពលករដែលធ្វើការងារដោយខុសច្បាប់ និងពលរដ្ឋចាញ់បោកមេខ្យល់លួចឆ្លងដែន ដោយខុសច្បាប់ត្រូវបានកម្លាំងយោធាថៃចាប់តាមបន្ទាត់ព្រំដែន។

ជាមួយគ្នា លោកវរសេនីយ៍ឯក សុផាន សមស័ក្តិ នាយរងប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា ពលករខ្មែរដែលភាគីថៃចាប់បញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លងលឹកប្រទេសថៃ ក្រោយបានសាកសួរព័ត៌មាន ក៏បានប្រគល់ជូនទៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ដើម្បីដឹកពួកគាត់ទៅដល់លំនៅឋានរៀងៗខ្លួនដោយសុវត្ថិភាពគ្រប់ៗគ្នា៕រាយការណ៍ដោយ៖ ឈុន មករា




