ជប៉ុនប្រកាសយក«ដ្រូន និង AI» ជាអាវុ.ធយុទ្ធសាស្ត្រថ្មីក្នុងស.ង្គ្រា.មសម័យទំនើប
ហៀប ស៊ីថេត
16 ម៉ោងមុន

រាជធានីតូក្យូ៖ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរទម្រង់សង្គ្រាមសម័យទំនើប រដ្ឋាភិបាលជប៉ុន បានចេញមុខប្រកាសច្បាស់ៗថា រាជធានីតូក្យូគ្មានជម្រើសអ្វីក្រៅពីការបន្សាំខ្លួន និងពង្រឹងកម្លាំងយោធាយ៉ាងប្រញាប់ប្រញាល់នោះទេ ជាពិសេស លើការពង្រីកសមត្ថភាពដ្រូនប្រយុទ្ធ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) រួមទាំងការស្តារវិស័យឧស្សាហកម្មការពារជាតិដែលកំពុងទន់ខ្សោយ ឱ្យក្លាយជាខែលការពារជាតិដ៏រឹងមាំ។

យោងតាម សៀវភៅសការពារជាតិ កម្រាស់៥៩៨ទំព័រ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីជប៉ុន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) បានគូសបញ្ជាក់ច្បាស់ៗថា ចិន គឺជាការប្រឈមមុខផ្នែកយុទ្ធសាស្ត្រ និងប្រកបដោយគ្រោះថ្នាក់បំផុត ចំពោះសន្តិសុខជាតិជប៉ុន។ រាជធានីតូក្យូ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបង្កើនវត្តមានកងទ័ពជើងទឹកចិន និងសកម្មភាពយោធា នៅក្នុងតំបន់មហាសមុទ្ទប៉ាស៊ីហ្វិក និងសមុទ្ទចិនខាងកើត។ មេរៀនស្រស់ៗពីសមរភូមិអ៊ុយក្រែន និងមជ្ឈិមបូព៌ា បានជំរុញឱ្យជប៉ុនមើលឃើញយ៉ាងច្បាស់ថា អាវុធគ្មានមនុស្សបើក និងមីស៊ីលរយៈចម្ងាយឆ្ងាយ គឺជាអាវុធមិនអាចខ្វះបាន។ ការអភិវឌ្ឍបច្ចេកវិទ្យាដ្រូនផ្ទាល់ខ្លួនឱ្យលេចរូបរាងឡើង មិនត្រឹមតែដើម្បីការពារដែនសមុទ្ទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីបំពេញចន្លោះខ្វះខាតនៃកម្លាំងទ័ពផងដែរ ខណៈដែលជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិនៃការថយចុះប្រជាជន និងកំណើនពលរដ្ឋវ័យចំណាស់យ៉ាងធ្ងន់ធ្ងរ។

ថ្មីៗនេះ ប្រទេសជប៉ុន បានលាតត្រដាងពីសកម្មភាពគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់មហាអំណាចជិតខាង។ ជាក់ស្តែង យន្តហោះចម្បាំងចិន បើករ៉ាដាចាប់គោលដៅលើយន្តហោះជប៉ុន និងការចាត់បញ្ជូននាវាដឹកយន្តហោះចម្បាំង២គ្រឿង ចូលកៀកកោះអ៊ីវ៉ូជីម៉ា(Iwo Jima) ត្រូវបានជប៉ុនចាត់ទុកជាការរំលោភបំពានសន្តិសុខយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមគ្នា ប្រតិបត្តិការយោធារួមគ្នា រវាងរដ្ឋធានីប៉េកាំង និងម៉ូស្គូ នៅជុំវិញដែនទឹកជប៉ុន ត្រូវគេមើលឃើញថា ជាកង្វល់សន្តិសុខជាតិកម្រិតអាសន្ន។ ជាងនេះទៅទៀត ការសាកល្បងអាវុធល្បឿនលឿនជាងសំឡេង និងទំនាក់ទំនងយោធាស្អិតល្មួតជាមួយរុស្ស៊ីរបស់កូរ៉េខាងជើង គឺជាការគំរាមដោយផ្ទាល់ និងចំពោះមុខអតីតខ្លាកំណាចជំនាន់សង្គ្រាមលោក[ជប៉ុន]មួយនេះ។

ជុំវិញបញ្ហាខាងលើ រដ្ឋាភិបាលជប៉ុន បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក កែច្នៃបច្ចេកវិទ្យាស៊ីវិលទៅជាបច្ចេកវិទ្យាយោធា ទន្ទឹមនឹងជប៉ុនចាប់ដៃយ៉ាងស៊ីជម្រៅជាមួយដៃគូអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងផ្ទេរនាវាចម្បាំង Mogami-class ចំនួន ១១គ្រឿងទៅឱ្យអូស្ត្រាលី, ការចរចាជាមួយនូវែលសេឡង់, និងការលក់នាវាចម្បាំងឱ្យប្រទេសហ្វីលីពីន ក្នុងគោលបំណងពង្រឹងសម្ព័ន្ធមិត្ត និងពង្រីកឥទ្ធិពលយោធារបស់ខ្លួនទប់ទល់នឹងការឈ្លានពានពីខាងក្រៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត