
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៧សីហានេះ បានជួបពិភាក្សាការងារជាមួយលោក STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាម៉េរិក..។

ក្នុងជំនួបនេះដែរ លោកអគ្គមេបញ្ជាការ វង្ស ពិសេន បានគូសបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់កម្លាំងយោធា។ លោកក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានស្វាគមន៍ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងអំពើភេរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរុករកអដ្ឋិធាតុយុទ្ធជនអាម៉េរិកបាត់ខ្លួន និងការពង្រឹងសមត្ថភាពកងទ័ព។

ជាមួយគ្នា មេបញ្ជាការកងនាវាប៉ាស៊ីហ្វិក ក៏បានសម្ដែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ រួមទាំងការធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់» ឡើងវិញនៅឆ្នាំ២០២៧ កិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមលំហាត់ SEACAT ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕



