
ក្រុងបាត់ដំបង៖ ក្រុមហ៊ុនអន្តរជាតិចំនួន១៥ បានចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងចំនួន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃជួសជុល លើកសោភ័ណភាពក្រុង។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ និង លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ ដែលជានាយកគម្រោង បានដឹកនាំតំណាងក្រុមហ៊ុនចុះផ្ទាល់នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦...។

លោក សុខ លូ បង្ហោះលើបណ្តាញសង្គមថា តាមគម្រោងការបើកកញ្ចប់ឯកសារដេញថ្លៃផ្លូវទាំង២១ខ្សែក្នុងក្រុងបាត់ដំបង នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨សីហា ហើយបន្ទាប់ពីដេញថ្លៃ និងបន្តនីតិវិធីរួចរាល់ការសាងសង់ផ្លូវនឹងអាចចាប់ផ្ដើមនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦។ អភិបាលខេត្តរូបនេះ មានក្ដីសង្ឃឹមថា ក្រោយបញ្ចប់ការស្ថាបនាផ្លូវទាំង ២១ខ្សែបន្ថែមលើផ្លូវជាច្រើនដែលមានស្រាប់នឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាព បង្កើនការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តទទួលស្គាល់ថា នាពេលកន្លងទៅ ផ្លូវនៅក្នុងក្រុងបាត់ដំបងមានការខូចខាត ដោយសារតែក្រុងទទួលរៀបចំគម្រោង ទីលានចាក់សំរាមស្ដង់ដារ,គម្រោងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ និងគម្រោងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង។ ទោះជាយ៉ាងណាលោកថា ក្រោយគម្រោងទាំងអស់នេះបញ្ចប់ជាស្ថាពរ នឹងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល ជាមួយនឹងអនាម័យបរិស្ថានល្អប្រសើរមិនមានបញ្ហាបំពុលក្នុងទឹក និងបំពុលបរិស្ថានដូចមុនទៀតឡើយ៕






