
រាជធានីភ្នំពេញ៖ ជារឿងកម្របំផុតដែលកីឡាករបរទេស ហ៊ានប្រមាថផ្តួល កីឡាករ ពេជ្រ សម្បត្តិ ឱ្យដេកសន្លប់លើសង្វៀនប្រដាល់។ ប៉ុន្តែសម្រាប់គ្រូបង្វឹករបស់កីឡាករវៀតណាម ដាំង អ៊ី ប៊ុន ហាក់មានជំនឿចិត្តមិនធម្មតា រហូតហ៊ានសួរប្រ៉ូម៉ូទ័រខ្មែរ ដឹកនាំកីឡាករបរទេសមកប្រកួតនៅកម្ពុជាថា«ហ៊ានផ្តល់ឱ្យអ្វីខ្លះ បើសិស្សគុនរបស់លោកអាចផ្តួល ពេជ្រ សម្បត្តិ ឱ្យសន្លប់..?»។ នេះជាសម្តីមិនធម្មតារបស់គ្រូបង្វឹកកីឡាករវៀតណាម ដូច្នេះ នៅម៉ោង១៨ៈ០០នាទីល្ងាចថ្ងៃទី0៧ ខែសីហានេះតទៅ ច្បាស់ណាស់ថា ការប្រកួតរវាងកីឡាករទាំងពីរនឹងបែកផ្កាភ្លើងមិនខាន ព្រោះអ្នកទាំងពីរសុទ្ធតែជាតារាឯកគុនខ្មែរ ប្រចាំប្រទេសរាងៗខ្លួន...។

បន្ទាប់ពីភាគីខាងវៀតណាម មានការជឿជាក់ខ្លាំង ថានឹងផ្តួល កីឡាករ ពេជ្រ សម្បត្តិ ឱ្យដេកដួលសន្លប់នៅលើសង្វៀនទូរទស្សន៍បាយ័ន ក្នុងកម្មវិធី «រាត្រីប្រដាល់ជើងឯកគុនខ្មែរ» អ្នកគាំទ្រគុនខ្មែរភាគច្រើនបានសម្តែងការហួសចិត្ត និងចាត់ទុកការបោះសម្តីបែបនេះ បើកីឡាករ ដាំង អ៊ី ប៊ុន ជាអ្នកដេកសន្លប់លើសង្វៀនវិញ នោះគ្រូបង្វឹកវៀតណាម ច្បាស់ជាមិនដឹងយកមុខទៅទុកឯណាទេ ព្រោះមានកីឡាករបរទេសតិចណាស់ដែលអាចផ្តួល កីឡាករ ពេជ្រ សម្បត្តិ ឱ្យបោះបង់ការប្រកួតបាន ពោលគឺមានតែកីឡាករឡាវ ខាំភូ ម្នាក់ប៉ុណ្ណោះ ដែលបានទាត់កីឡាករ ពេជ្រ សម្បត្តិ ឱ្យសន្លប់ម្តង កាលពីជួបគ្នានៅឆ្នាំ២០២៣ ក្រៅពីនោះអ្នកមកជួប ពេជ្រ សម្បត្តិ សុទ្ធតែបាយចត់ ពេលត្រឡប់ទៅផ្ទះវិញ។

យ៉ាងណា យើងរង់ចាំមើលលទ្ធផលប្រកួតរវាងកីឡាករទាំងពីរនៅរាត្រីនេះ ខណៈដែលការប្រកួតនឹងចាប់ផ្តើមពីម៉ោង៦ល្ងាចតទៅហើយ ដោយក្នុងនោះ ក្រៅតែពី កីឡាករ ពេជ្រ សម្បត្តិ ប្រកួតគូឯកជាមួយកីឡាករវៀតណាម ដាំង អ៊ី ប៊ុន ក៏នៅមានកីឡាករកម្ពុជាល្បីៗមួយចំនួនទៀត ប្រកួតមិត្តភាពក្នុងព្រឹត្តការណ៍ប្រដាល់គុនខ្មែរនៅសង្វៀនទូរទស្សន៍បាយ័ននេះដែរ ដូចជា គូឯករង កីឡាករ ឡៅ ចិត្រា ប្រកួតមិត្តភាពជាមួយកីឡាករមកពីប្រទេសអ៊ីរ៉ង សាមី ម៉ាមូឌី និងកីឡាករគុនខ្មែរ៣គូទៀត ដែលជាគូបើកឆាកនៃកម្មវិធីប្រកួត៕


