អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ពីការស៊ើបអង្កេតករណីប៉ូលិសសេដ្ឋកិច្ចខេត្តស្វាយរៀងអង្គុយរាប់លុយទាំងបាច់ៗ ក្រោយសង្ស័យបានមកពីអំពើពុករលួយ
ហាក់ អ៊ីឌី
38 នាទីមុន

រាជធានីភ្នំពេញ៖ វីដេអូឃ្លីបមួយត្រូវបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញសកម្មភាពបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀង កំពុងអង្គុយរាប់លុយដុល្លារអាម៉េរិកទាំងបាច់ៗ ដែលត្រូវបានសង្ស័យថា ជាថ្នូរនឹងការដោះលែង​រថយន្ត​ដឹក​ក្រណាត់២គ្រឿង។ ពេលនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បញ្ជាក់ថា នឹងស្វែងរកការពិត ទាក់ទិននឹងបញ្ហាខាងលើនេះ...។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមសារអេឡិចត្រូនិកតេឡេក្រាម នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់យ៉ាងដូច្នេះថា នេះគឺជាព័ត៌មាន និងជាមូលដ្ឋានដែលក្រសួង អាចពិនិត្យ ស្វែងរកការពិតជាមុនសិន មុននឹងអនុវត្តវិធានការណាមួយ ការលើកឡើងបែបនេះ បន្ទាប់ពីមានការលេចធ្លាយវីដេអូឃ្លីប តាមបណ្ដាញសង្គមជាហូហែរ អំពីសកម្មភាព ប៉ូលិសមួយក្រុម ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ​ ឈុន​ ឆាង​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់​រថយន្ត​ដឹក​ក្រណាត់​ចំនួន​២គ្រឿង​ ទៅរក្សាទុកនៅ​មុខផ្ទះ​របស់​ខ្លួន​ មិនបាន​ឆ្លងយោបលពីថ្នាក់លើ​ និង​បាន​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​បង់លុយ​ចំនួន​៩០០០​ដុល្លារអាម៉េរិកមកឱ្យខ្លួន​ ទើបព្រមដោះលែង​រថយន្តនោះ ឱ្យមានសេរីភាព។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 

យ៉ាងណា ក្រោយពីការឃាត់រថយ​ន្ត ពលរដ្ឋជាម្ចាស់រថយន្តបានយកលុយទៅប្រគល់ឱ្យ ហើយថែមទាំងថតបាននូវសកម្មភាព នៃការរាប់លុយទាំងបាច់ៗរបស់មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងវីដេអូនោះថែមទៀតផង។ បុរសអង្គុយរាប់លុយនោះ អះអាងថា លុយទាំងអស់នេះយកឱ្យមេ បើហ៊ានលួចថត គឺឈប់យកហើយ។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញករណីខាងលើ មហាជន ជាពិសេសអ្នកបើ្រប្រាស់បណ្ដាញសង្គម កំពុងរង់ចាំមើលលទ្ធផលនៃការស្រាវជ្រាវ និងវិធានការឆ្លើយតបផ្លូវការ ពីសំណាក់មន្ត្រីជំនាញក្រសួងមហាផ្ទៃ ចំពោះមន្ត្រីដែលបានប្រព្រឹត្តល្មើស លើការប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹងបែបនេះ ខណៈសកម្មភាពខាងលើ ក៏បាននិងកំពុងបង្ហាញគំរូអាក្រក់ទៅដល់មន្ត្រីដទៃទៀត ក្នុងការចុះអនុវត្តច្បាប់ដោយគ្មានតម្លាភាព និងបំផ្លាញថវិកាជាតិ តាមរយៈការបិទបាំងបទល្មើសដោយគប់គិតគ្នា ប្រព្រឹត្តិអំពើពុករលួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត