
ម៉ុងហ្គោលី៖ ក្រុមអត្តពលិកកីឡាតេក្វាន់-ដូ ITFកម្ពុជា កំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការដណ្តើមបានមេដាយសរុបចំនួន១៩គ្រឿង ពីព្រឹត្តិការណ៍កីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១១ (11th ITF Asian Taekwon-Do Championships) នៅប្រទេសម៉ុងហ្គោលី ដោយប្រើពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ខណៈការប្រកួតនៅសល់ពីថ្ងៃទៀត ទើបបិទបញ្ចប់...។

ព្រឹត្តិការណ៍កីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡាអានបាអាតា(Ulaanbaatar) ប្រទេសម៉ុងហ្គោលី ក្រុមអត្តពលិកកីឡាតេក្វាន់-ដូ ITF កម្ពុជា ដណ្តើមបានមេដាយ៣គ្រឿង, មេដាយប្រាក់៦គ្រឿង និងមេដាយសំរឹទ្ធ១០គ្រឿង។ លទ្ធផល និងម្ចាស់ជ័យលាភីថ្ងៃទី១ (ថ្ងៃពុធទី៥ ខែសីហា) សម្រេចបានរួមមាន៖ ទី១.កុមារា ស៊ីវ សិរីបុត្រ ឈ្នះមេដាយមាស, ទី២.កុមារា សិរី រតនាវង្ស ឈ្នះមេដាយមាស, ទី៣.កុមារា ឌីម ឆាយគុណថាវរៈ ឈ្នះមេដាយប្រាក់, ទី៤.កីឡាការិនី លឹម ខេង ឈ្នះមេដាយប្រាក់ (វិញ្ញាសា Power Breaking), ទី៥.កីឡាករ នេត ហាក់លី ឈ្នះមេដាយប្រាក់ (វិញ្ញាសា Power Breaking), ទី៦.កុមារា សិរី រតនាពង្ស ឈ្នះមេដាយសំរឹទ្ធ, ទី៧.កុមារា ឡេង ឆកិត្យា ឈ្នះមេដាយសំរឹទ្ធ និងទី៨.ក្រុមធំនារី ឈ្នះមេដាយសំរឹទ្ធ (Power Breaking)។

លទ្ធផល និងម្ចាស់ជ័យលាភីថ្ងៃទី២ (ថ្ងៃព្រហស្បតិ៍ទី៦ ខែសីហា) សម្រេចបានរួមមាន៖ ទី១.មេដាយមាស១គ្រឿង បានទៅលើក្រុមកីឡាករបុរស លើវិញ្ញាសាវាយបំបែកក្តារ (Power Breaking Team), ចំណែកមេដាយប្រាក់៣គ្រឿង បានទៅលើកីឡាករ ម៉េត សុខមាន លើវិញ្ញាសាមេគុនបុរស(១ដាន់), កីឡាករ អោក សំនាង លើវិញ្ញាសាមេគុនបុរស(៤ដាន់) និងក្រុមអត្តពលិកកីឡាការិនី ឈ្នះមេដាយប្រាកលើវិញ្ញាសាមេគុនក្រុមនារី។ ចំណែកមេដាយសំរឹទ្ធ៧គ្រឿង រកបានដោយ៖ ១.កីឡាករ ឃឿន ប៊ុនលាង លើវិញ្ញាសាមេគុនបុរស (២ដាន់), ២.កីឡាករ បួន ចាន់ថារ៉ាត់ លើវិញ្ញាសាមេគុនបុរស (៣ដាន់), ៣.កីឡាការិនី ស៊ឺម ហ៊ុយលីន លើវិញ្ញាសាមេគុននារី (១ដាន់), ៤.កីឡាការិនី តូច ឧត្តម លើវិញ្ញាសាមេគុននារី (១ដាន់), ៥. កីឡាការិនី លឹម ខេង លើវិញ្ញាសាមេគុននារី (៣ដាន់), ៦.កីឡាករ ស៊ីវ សិរិបុត្រ លើវិញ្ញាសាប្រយុទ្ធ (ទម្ងន់៣០គ.ក), ៧.កីឡាការិនី សញ្ញា រ័ត្នម៉ានេតា លើវិញ្ញាសាប្រយុទ្ធ (អាយុ ១១-១៣ឆ្នាំ ទម្ងន់៣៥គីឡូក្រាម)។

សូមជម្រាបថា ការដណ្តើមបានមេដាយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បង្ហាញឱ្យឃើញពីគុណផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអត្តពលិកកីឡាតេក្វាន់-ដូ ITF គ្រូបង្វឹក និងគណៈកម្មាធិការសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា។ ជាមួយគ្នាផងដែរ គណៈកម្មាធិការសហព័ន្ធ បានសម្ដែងនូវការកោតសរសើរចំពោះកីឡាករ-កីឡាការិនីទាំងអស់ដែលព្យាយាមពុះពារក្នុងការហ្វឹកហាត់រហូតសម្រេចបាននូវលទ្ធផលល្អយ៉ាងត្រចេះត្រចង់ដូចថ្ងៃនេះ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការលើកទឹកចិត្តពីចម្ងាយ ពីសំណាក់ថ្នាក់ដឹកនាំ មាតាបិតាអាណាព្យាបាល និងបងប្អូនជនរួមជាតិទាំងអស់៕







