
រាជធានីភ្នំពេញ៖ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីលោកបានចុះធ្វើទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជាង២ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។ លោក បានមកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល១២ថ្ងៃ គឺចាប់តាំងពីថ្ងៃទី២០ ខែកក្កដា។

លោក អេនឌ្រូ បានចុះទៅពិនិត្យផ្ទាល់ដល់សហគមន៍ភៀសខ្លួនក្នុងខេត្តបន្ទាយមានជ័យ ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស និងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមកម្ពុជា-ថៃ ដែលកើតឡើងក្នុងអំឡុងឆ្នាំ២០២៥។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា លោក អេនឌ្រូ លើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋភៀសខ្លួនកម្ពុជាសរុបប្រមាណ៦៥ម៉ឺននាក់ នៅសល់ជាង២ម៉ឺននាក់ទៀត កំពុងជាប់គាំង និងជួបស្ថានភាពលំបាកយ៉ាងខ្លាំង ដោយសារភូមិឋានរបស់ពួកគាត់ ត្រូវបានគ្រប់គ្រងដោយកងទ័ពថៃ។

លោកថ្លែងដូច្នេះថា៖«ខ្ញុំបាននិយាយផ្ទាល់ជាមួយជនភៀសខ្លួនកម្ពុជា។ ពួកគាត់បានប្រាប់ថា ពួកគាត់មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានទេ ដោយសារទាហានថៃកំពុងបន្តឈរជើង និងកាន់កាប់ភូមិឋានរបស់ពួកគាត់»។ លោកសង្កត់ធ្ងន់ថា ផ្អែកតាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ មានសិទ្ធិពេញលេញក្នុងការវិលត្រឡប់ទៅរស់នៅគេហដ្ឋានដើមវិញ ហើយលោកបានស្នើឱ្យភាគីកម្ពុជា-ថៃ ធ្វើការរួមគ្នា ដើម្បីពន្លឿនការវិលត្រឡប់របស់ពួកគាត់៕






