
ព្រំដែន៖ កងទ័ពភូមិន្ទថៃ បានប្រកាសកាលពីថ្ងៃពុធទី២២កក្កដាថា ប្រទេសថៃបានសាងសង់របងព្រំដែនអចិន្ត្រៃយ៍នៅតាមបណ្តោយព្រំដែនជាមួយប្រទេសកម្ពុជាដោយជោគជ័យក្នុងដំណាក់កាលដំបូល ខណៈភាពតានតឹងរវាងប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង២នេះ នៅតែបន្តកើតមាន បន្ទាប់ពីមានការប្រយុទ្ធគ្នាចំនួន២លើកកាលពីឆ្នាំមុន ក្រោយយោធាថៃបើកការឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត។ នេះបើយោងតាមការចុះផ្សាយដោយកាសែតរ៉យទ័រ។

យោងតាមការសែតដដែល អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ លោក ឧគ្រីត ប៊ុនតានន្ទ (อุกฤษฎ์ บุญตานนท์) បានពិពណ៌នាអំពីរបងព្រំដែនជាមួយកម្ពុជាប្រវែង ១,៣គីឡូម៉ែត្រ ដែលធ្វើពីផ្ទាំងបេតុង និងរាយលួសបន្លា ស្ថិតក្នុងស្រុកប៉ុងណាំរ៉ន (โป่งน้ำร้อน) ខេត្តចន្ទបុរី ថា៖«របងដែលមានភាពរឹងមាំ មាំមួន និងធន់បានយូរ ត្រូវបានរចនាឡើងសម្រាប់សន្តិសុខរយៈពេលវែង»។ លោក ឧគ្រីត បានប្រាប់អ្នកសារព័ត៌មានទាំងបំភ្លៃក្នុងអំឡុងពេលទស្សនកិច្ចចុះពិនិត្យទីតាំងនោះថា៖«ផ្ទាំងជញ្ជាំងបេតុងនៅទីនេះត្រូវបានធ្វើការសាកល្បងបាញ់រួចរាល់ហើយ។ យើងអាចបញ្ជាក់បានថា វាអាចការពារការបាញ់ប្រហារពីអាវុធធុនស្រាលបាន»។

លោក ឧគ្រីត បន្ថែមក្នុងចេតនាឈ្លានពានថា កងទ័ពថៃ មានផែនការសាងសង់របងប្រវែងជាង៧គីឡូម៉ែត្របន្ថែមទៀត ភ្ជាប់ទៅនឹងផ្នែកដែលមានស្រាប់ ព្រមទាំងវាយតម្លៃតំបន់ផ្សេងទៀតនៃព្រំដែនសរុបប្រវែង៨១៧គីឡូម៉ែត្រ ដែលមានលក្ខខណ្ឌភូមិសាស្ត្រ និងបរិស្ថានអំណោយផល ដល់ការសាងសង់ដូចគ្នានេះ។ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃរូបនេះបញ្ជាក់ថា៖«តំបន់នីមួយៗមានលក្ខខណ្ឌខុសៗគ្នា។ យើងនឹងសាងសង់នៅកន្លែងណាដែលមានប្រយោជន៍ និងអាចធ្វើទៅបានដោយមិនបង្កើតបញ្ហានានានៅពេលអនាគត»។ បច្ចុប្បន្ន យោធាថៃឈ្លានពាន នៅតែបន្តពង្រាយបន្លាលួស និងកាន់កាប់ជ្រៅលើដែនអធិបតេយ្យភាពកម្ពុជាជាច្រើនទីតាំងដោយខុសច្បាប់ ទោះមានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពក៏ដោយ។

គេនៅចាំបានថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗ ដូចជា៖ បក្សីចម្បាំង F-16 និង Gripen បើកការវាយប្រហារតាមអាកាសយ៉ាងសាហាវ និងប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ៗកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងវិវាទព្រំដែននៃប្រទេសទាំង២កាលពីពេលកន្លងទៅ បានសម្លាប់មនុស្សជិត១៥០នាក់ និងធ្វើឱ្យប្រជាជនប្រមាណ៣០០ ០០០នាក់ត្រូវជម្លៀសខ្លួន៕





