ថៃផ្លុំត្រចៀកខ្លួនឯងថា ផែនការកម្ពុជាស្នើ UN ទទួលស្គាល់ផែនទីសម័យបារាំង គ្មានឥទ្ធិពលអ្វីលើថៃឡើយ
ហៀប ស៊ីថេត
11 ម៉ោងមុន

រាជធានីបាងកក៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងដោយតាំងចិត្តមិនខ្វល់ថា ផែនការរបស់ប្រទេសកម្ពុជា ក្នុងការស្វែងរកការទទួលស្គាល់ពីអង្គការសហប្រជាជាតិ លើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (ឬ MoU ៤៣) និងផែនទីបារាំង-សៀម ខ្នាត១/២០០ ០០០ ពាក់ព័ន្ធនឹងព្រំដែនគោក នឹងមិនមានផលប៉ះពាល់អ្វីដល់ប្រទេសថៃឡើយ។ នេះបើតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃទី៥ ខែសីហា...។

មែនទែនទៅ ភាគីថៃនៅតែបន្តយកផែនទីខ្នាត ១/៥០០០០ គូសដោយខ្លួនឯង ឬហៅម្យ៉ាងទៀតថា «ផែនទីចោរ» ជាគោល។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហសក្តិ ភួងកេតកែវ បានថ្លែងនៅឯវិមានរាជរដ្ឋាភិបាល នាថ្ងៃពុធទី៥ ខែសីហា ឆ្នាំ២០២៦ នេះថា ផែនការរបស់មេដឹកនាំកម្ពុជា ក្នុងការស្នើឱ្យអង្គការសហប្រជាជាតិ ទទួលស្គាល់ MoU ៤៣ ស្តីពីការខណ្ឌសីមា និងវាស់វែងព្រំដែនគោក និងផែនទីខ្នាត ១/២០០ ០០០ នឹងមិនប៉ះពាល់ដល់ថៃឡើយ ព្រោះឯកសារ និង MoU ទាំងនេះត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់រួចហើយ ហើយគ្មានចំណុចថ្មី និងគ្មានហេតុផលត្រូវបារម្ភនោះទេ។ លោកបន្ថែមថា MoU ៤៣ មិនបានកម្រិតត្រឹមតែផែនទីខ្នាត១/២០០ ០០០នោះទេ ព្រោះបទប្បញ្ញត្តិនៃសន្ធិសញ្ញា ក៏បានគ្របដណ្ដប់លើបញ្ហាផ្សេងៗដូចជា ខ្សែបែងចែកជលភពផងដែរ ខណៈថៃបានរក្សាជំហរលើផែនទីខ្នាត ១/៥០០០០ ដែលខ្លួនតាក់តែងឡើងជាឯកតោភាគីរួចហើយ។ ដូច្នេះ ទង្វើរបស់កម្ពុជានឹងមិនមានផលប៉ះពាល់ដល់ភាគីណាមួយឡើយ ព្រោះភស្តុតាងទាំងអស់ត្រូវបានរក្សាទុកនៅអង្គការសហប្រជាជាតិ នេះជាសម្តីរបស់ប្រមុខការទូតថៃ។

លោក សីហសក្តិ ភួងកេតកែវ, រូបភាព៖ The Nation
លោក សីហសក្តិ ភួងកេតកែវ, រូបភាព៖ The Nation

ពាក់ព័ន្ធនឹងចំណាត់ការរបស់កម្ពុជា នៅក្នុងយន្តការផ្សះផ្សារដោយចាប់បង្ខំ លោក សីហសក្តិ លើកឡើងថា ភាគីទាំងពីរ កំពុងចូលរួមក្នុងដំណើរការជម្រើសបេក្ខជន ហើយបញ្ជីឈ្មោះចំនួន៦ទៅ៧ ត្រូវបានដាក់ជូនរួចហើយ គឺភាគីនីមួយៗត្រូវជ្រើសរើស ៣នាក់។ បញ្ជីឈ្មោះពីភាគីទាំង២ កំពុងត្រូវបានចងក្រង ខណៈការសម្រេចចិត្តចុងក្រោយ នឹងស្ថិតនៅលើគណៈកម្មការសម្រុះសម្រួល ដែលមានសមាជិក៤រូប។ លោក សីហសក្តិ បានឆ្លើយទាំងអារម្មណ៍នឹងលើរង្គើក្រោមថា ថៃនៅតែប្រកាន់ជំហរ បញ្ហានេះមិនទាន់ឈានដល់ដំណាក់កាលផ្សះផ្សារដោយចាប់បង្ខំនៅឡើយទេ ហើយកិច្ចចរចាទ្វេភាគី គួរតែធ្វើឡើងជាមុនសិនក្រោមក្របខណ្ឌ UNCLOS។(Sic) យ៉ាងណា កម្ពុជាមិនចាញ់ល្បិចកលដដែលរបស់ភាគថៃឡើយ ដូច្នេះ គ្មានជម្រើសអ្វីក្រៅពីយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមក្របខណ្ឌ UNCLOSឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត