
ក្រុងព្រះវិហារ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…។

ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ គឺជាផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលស្លូតត្រង់កំពុងរស់នៅ ដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-១៦ និងការបាញ់គ្រាប់ផ្លោងប្រភេទ១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ បណ្ដាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន រងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។ កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការគោរពបទឈប់បាញ់។

ម្យ៉ាងទៀត ក៏បានអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងយូរអង្វែង។ លើសពីនេះ កម្ពុជាតែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕





