
ទីក្រុងព្រៃនគរ៖ មនុស្ស៧នាក់បានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានបាត់បង់ម្ចាស់ការ ជ្រុលទៅបុកខឿនផ្លូវ រួចកើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងខេត្តដុងណៃ (Dong Nai) ប្រទេសវៀតណាម។

យោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅពេលដែលរថយន្តក្រុង២៤កៅអី សំដៅទៅកាន់ទីក្រុងព្រៃនគរ (ហូជីមិញ) បានរេចង្កូតទៅបុកខឿនផ្លូវពេញទំហឹង។ បន្ទាប់ពីការប៉ះទង្គិច ឡានបានបន្តទៅមុខ រួចបុកខឿនផ្លូវទីពីរ ទើបឈប់។ ភ្លាមៗនោះ អណ្តាតភ្លើងបានផ្ទុះឡើងចេញពីផ្នែកខាងក្រោមនៃយានយន្ត ហើយបានឆាបឆេះរាលដាលយ៉ាងលឿនពេញទូទង់រថយន្តតែម្ដង។ អ្នកបើកបរបានស្រែកប្រាប់អ្នកដំណើរឱ្យប្រញាប់រត់គេចខ្លួន ប៉ុន្តែដោយសារតែអណ្តាតភ្លើងឆាបឆេះរហ័សពេក ធ្វើឱ្យអ្នកដំណើរជាច្រើននាក់មិនអាចរត់រួច។

កម្លាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ចុះអន្តរាគមន៍ និងអាចគ្របដណ្ដប់អគ្គិភ័យបានបន្ទាប់ពីប្រើប្រាស់ពេលប្រមាណ៣០នាទី តែរថយន្តក្រុងនោះត្រូវបានភ្លើងឆេះខូចខាតស្ទើរតែទាំងស្រុង។ ក្រោយប្រតិបត្តិការជួយសង្គ្រោះ អាជ្ញាធរបានរកឃើញសពជនរងគ្រោះចំនួន៧នាក់នៅក្នុងរថយន្តដែលត្រូវឆេះខ្ទេចខ្ទី ខណៈអ្នករងរបួសចំនួន៥នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងនោះមានជនរងគ្រោះម្នាក់ដែលរងរបួសស្រាល ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕



