អ្នកគាំទ្រក្រុមគោព្រៃ៖ បើកម្ពុជាអាចយកឈ្នះវៀតណាមស្អែកនេះបាន ទោះធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក៏អស់ចិត្តដែរ

បាល់ទាត់៖ ក្រុមបាល់ទាត់គោព្រៃឈុតធំកម្ពុជា នឹងត្រូវប្រកួតបង្គ្រប់កិច្ចបិទបញ្ចប់វគ្គសន្សំពិន្ទុពូល A ជាមួយក្រុមកំពូលតារាងវៀតណាម នៅថ្ងៃទី៧សីហាស្អែកនេះ នៅកីឡដ្ឋាន My Dinh National Stadium វេលាម៉ោង២០:០០នាទីយប់ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម។ អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា មានជំនឿចិត្តតិចបំផុត ដែលថា ក្រុមអត្តពលិកបាល់ទាត់ជម្រើសជាតិឈុតធំកម្ពុជា អាចប្រកួតឈ្នះលើក្រុមខ្លាំងប្រចាំតំបន់ដូចជាវៀណាមនេះបាន ដ្បិតគិតត្រឹម៥ប្រកួតចុងក្រោយ កម្ពុជាមិនដែលឈ្នះទាល់តែសោះ....។

សូមជម្រាបថា ដើម្បីលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតជុំចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូលរបស់ខ្លួន លើទឹកដីប្រទេសវៀតណាម សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានផ្តល់សំបុត្រចូលទស្សនាការប្រកួតចំនួន១៦០សំបុត្រដោយឥតគិតថ្លៃ សម្រាប់បងប្អូនខ្មែរយើងដែលកំពុងស្នាក់នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ដើម្បីទទួលសំបុត្រចូលទស្សនាដោយមិនគិតថ្លៃនេះបាន បងប្អូនគ្រាន់តែទំនាក់ទំនងទៅកាន់អ្នកផ្តល់សំបុត្រនៅថ្ងៃទី៧ ខែសីហា ចាប់ពីវេលាម៉ោង៩ព្រឹកដល់១២ថ្ងៃត្រង់ ឬអាចទាក់ទងតាមរយៈប្រព័ន្ធតេឡេក្រាម៖ https://t.me/seth_ysey ខណៈទីតាំងទទួលសំបុត្រនៅសណ្ឋាគារ Sheraton Hanoi West។ 

យ៉ាងណា ទោះបីក្រុមគោព្រៃកម្ពុជា អាចយកឈ្នះក្រុមនាគរាជវៀតណាម បានមែននៅថ្ងៃស្អែក ក៏ក្រុមបាល់ទាត់កម្ពុជាធ្លាក់ចេញពីព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯក ASEAN Hyundai Cup 2026 ត្រឹមប្រកួតចុងក្រោយនេះហើយ ខណៈក្រុមជើងខ្លាំងវៀតណាម ដឹងតែឡើងទៅលេងវគ្គខ្វែង ឬវគ្គ៤ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ដ្បិតអីវៀតណាមឈរលើកំពូលតារាងពូល A មាន៧ពិន្ទុស្មើសិង្ហបុរី តែឈ្នះគ្រាប់បានចំណេញដល់ទៅ១០គ្រាប់ឯណោះ ដូច្នេះ ឥណ្ឌូណេស៊ីដែលមានពិន្ទុត្រឹម៦ ទោះឈ្នះសិង្ហបុរីប៉ុន្មានគ្រាប់ ក៏ក្រុមវៀតណាមមិនឈឺក្បាលរឿងធ្លាក់ចេញនេះដែរ ហើយវាកាន់តែពិបាកគិតដល់រឿងក្រុមគោព្រៃយើងអាចប្រកួតឈ្នះក្រុមវៀតណាមទៅទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដើម្បីចូលរួមលើកទឹកចិត្តដល់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា សូមបងប្អូនរស់នៅប្រទេសវៀតណាម ចូលរួមទស្សនាការប្រកួតផ្ទាល់ឱ្យបានច្រើនកុះករ ខណៈប្រជាជនកម្ពុជាជាង១៧លាននាក់នៅក្នុងប្រទេស ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការលើកទឹកចិត្តក្រុមគោព្រៃយើងអស់ហើយដែរ។ ទន្ទឹមនោះ អ្នកគាំទ្រក្រុមជម្រើសជាតិយើងមួយចំនួន ក៏បានខ្ជាក់សម្តីមួយឃ្លាផ្ញើទៅកាន់ក្រុមគោព្រៃកម្ពុជា ឱ្យខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអាចយកឈ្នះលើក្រុមវៀតណាម ហើយបើក្រុមគោព្រៃកម្ពុជាកែប្រែប្រវត្តិសាស្ត្ររបស់ខ្លួនបានមែននោះ ទោះបីមិនមានឱកាសឡើងទៅដណ្តើមពាន តែបានត្រឹមឈ្នះវៀតណាម ក៏អ្នកគាំទ្រអស់ចិត្តដែរ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត