សមត្ថកិច្ចសង្គ្រោះជនរងគ្រោះជិត៦០០នាក់ ចេញពីអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទក្នុងរយៈពេល៦ខែ
ហាក់ អ៊ីឌី
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបយ៉ាងក្ដៅគគុកលើករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ដោយបានរំដោះ និងសង្គ្រោះជនរងគ្រោះសរុបជិត៦០០នាក់ ចេញពីកណ្ដាប់ដៃក្រុមជនល្មើស បានដោយជោគជ័យ...។

រូបភាពតំណាង 
រូបភាពតំណាង 

យោងតាមរបាយការណ៍របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការតាមដាន​ ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន១១២ករណី និងសង្គ្រោះជនរងគ្រោះបានចំនួន៥៨១នាក់ (ស្រី៣៣៣នាក់)។ ចំនួនខាងលើនេះ បើធៀបឆមាសទី១ ឆ្នាំ២០២៥ កើនឡើង១៣ករណី ស្មើ១៣,១៣ភាគរយ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.ប.ជ
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.ប.ជ

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន១៦៩នាក់ (ស្រី៣៣នាក់)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនបរទេសចំនួន៣៤នាក់ (ស្រី៣នាក់) រួមមាន ជនជាតិចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេសម្នាក់ និងជនជាតិជប៉ុនម្នាក់។ ទន្ទឹមនឹងលទ្ធផលបង្ក្រាបបាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានបង្ហាញឱ្យដឹងដែរថា បទល្មើសជួញដូរមនុស្ស លែងជាបទល្មើសប្រពៃណី និងដាច់ដោយឡែកទៀតហើយ ពោលគឺកាន់តែស្មុគស្មាញ និងប្រទាក់ក្រឡាកាន់តែស៊ីជម្រៅ ជាមួយបទល្មើសដទៃ ដែលឧក្រិដ្ឋជន កាន់តែមានជំនាញ និងកលល្បិចខ្ពស់ និងមានបណ្តាញកាន់តែទូលំទូលាយ គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដើម្បីឆបោក អូសទាញ ជនរងគ្រោះបានកាន់តែងាយស្រួល និងពិបាករកភស្តុតាង ដាក់បន្ទុក ឬបង្ក្រាប៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត