
ក្រុងសែនមនោរម្យ៖ ជនសង្ស័យ២នាក់ បានរត់គេចខ្លួនចូលព្រៃដោយសុវត្ថិភាព ខណៈមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រមូលបានវត្ថុតាង«សត្វព្រៃ»ដែលបន្សល់ទុកដោយជនសង្ស័យ មកដុតបំផ្លាញចោលក្នុងប្រតិបត្តិការបង្ក្រាបករណីបរបាញ់សត្វព្រៃខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក...។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រកាសព័ត៌មាននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ថា កាលពីថ្ងៃទី៥សីហា កម្លាំងស្នាក់ការអូរល្វេស សហការជាមួយស្នាក់ការម្រើច និងស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក បានចុះអនុវត្តការល្បាត តាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុចផ្លូវលេខ១៤ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក។ ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញឃើញជនសង្ស័យ២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ២គ្រឿង គ្មានស្លាកលេខ ដឹកជញ្ជូនសត្វជ្រូកព្រៃងាប់១ក្បាល និងសត្វឈ្លូសងាប់ចំនួន២ក្បាល។ យ៉ាងណា ជនសង្ស័យ ពេលបានឃើញកម្លាំងល្បាតរួចក៏ផ្តួលម៉ូតូ ហើយរត់គេចខ្លួនចូលព្រៃបាត់ ដោយបន្សល់តែវត្ថុតាងម៉ូតូ រួមជាមួយសពសត្វព្រៃប៉ុណ្ណោះ។ ក្រោយបញ្ចប់ប្រតិបត្តិការ មន្ទីរបរិស្ថានអះអាថា៖«ក្រុមការងារបានដុតបំផ្លាញសពសត្វព្រៃទាំង៣ក្បាលនោះ នៅទីតាំងកើតហេតុស្របតាមនីតិវិធី»។ ចំណែក ម៉ូតូចំនួន២គ្រឿង ត្រូវបានដកហូតយកទៅរក្សាទុកនៅស្នាក់ការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ជាការកត់សម្គាល់ ការបង្ក្រាបករណីបរបាញ់ និងដឹកជញ្ជូនសត្វព្រៃខុសច្បាប់នៅដែនជម្រកសត្វព្រៃស្រែពកនេះ បានបង្ហាញថា បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមាន ទោះបីកម្លាំងជំនាញបានដកហូតវត្ថុតាង និងទប់ស្កាត់សកម្មភាពខុសច្បាប់ជាបន្តបន្ទាប់ ក៏ជនសង្ស័យនៅតែអាចរត់គេចខ្លួនបាន។ ករណីនេះ បង្កើតជាសំណួរថា តើវិធានការល្បាត និងការអនុវត្តច្បាប់បច្ចុប្បន្ន មានប្រសិទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់បទល្មើសសត្វព្រៃ? ពិតណាស់ ការបង្ក្រាបជាបន្តបន្ទាប់ គួរតែភ្ជាប់ជាមួយការស៊ើបអង្កេត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងបណ្តាញជួញដូរសត្វព្រៃ មិនមែនបញ្ចប់ត្រឹមការដកហូតវត្ថុតាងនោះទេ៕






