តើមកពីថៃតាមសួរជីកឫស ជីកគល់ឬ? ទើបបានជាចិនបដិសេធ មិនបានបញ្ជូនអាវុ.ធបន្ថែមមកកម្ពុជា
Mao Sopha
10 ម៉ោងមុន

រាជធានីបាងកក៖ ក្នុងជំនួបទល់មុខជាមួយមន្រ្តីយោធាថៃ មន្រ្តីយោធាចិន បដិសេធថា ចិនមិនបានផ្តល់សព្វាវុធបន្ថែម មកគាំទ្រប្រតិបត្តិការយោធាកម្ពុជា នាពេលថ្មីៗនេះទេ។ ហេតុអ្វី សុខៗមន្រ្តីយោធាចិន បដិសេធយ៉ាងដូច្នេះទៅវិញ? តើដោយសារម​ន្រ្តីយោធាថៃ ឈ្លេចសួរមុន ឬយ៉ាងណា? កាសែតថៃ បានចុះផ្សាយពីជំនួបនេះ និងការបដិសេធរបស់មន្រ្តីយោធាចិន តែពុំបានបញ្ជាក់ថា មន្រ្តីយោធាថៃ បានចោទសួរមុន ឬក៏អត់នោះទេ។ 

លោក ធីរៈនន្ន នន្នថៈខ្វាង (ธีรนันท์ นันทขว้าง) អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានយោធាថៃ និងលោក ចាង លីនហុង (Zhang Linhong) អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំប្រទេសថៃ បានជួបពិភាក្សាគ្នា កាលពីថ្ងៃទី៤ ខែសីហា ហើយទើបត្រូវបានកាសែតថៃចុះផ្សាយនៅថ្ងៃទី៦ ខែសីហានេះ។ ក្រៅពីបដិសេធរឿងបញ្ចូនអាវុធបន្ថែមមកកម្ពុជា លោក ចាង លីនហុង បានបង្ហាញក្តីបារម្ភអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយគូសរំលេចថា ប្រទេសទាំង២ ជាអ្នកជិតខាងនឹងគ្នាអស់រយៈពេលជាយូរយារមកហើយ ដូច្នេះ គួរតែស្វែងរកដំណោះស្រាយ តាមផ្លូវសន្តិភាពជាមួយគ្នា។ 

សូមរម្លឹកថា ប្រមាណ២ខែមុន ចិនបានបញ្ជូនរថក្រោះ៣៩គ្រឿងមកកម្ពុជា តាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងជាយូរណាស់មកហើយ។ ក្រោយមក ពេលទៅបំពេញបេសកកម្មនៅចិន លោក អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) នាយករដ្ឋមន្រ្តីថៃ ក៏សួរលោក ស៊ី​ ជីនពីង (Xi Jinping) ប្រធានាធិបតីចិន អំពីរឿងនេះ។ លោក ស៊ី ប្រាប់លោក អនុទីន ថា រថក្រោះ ដែលបញ្ជូនមកកម្ពុជា មិនមែនដើម្បីបង្កហានិភ័យដល់ថៃនោះទេ ហើយម្យ៉ាងទៀត ការប្រគល់រថក្រោះនេះ គឺធ្វើទៅតាមកិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន តាងពីមុនផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃទៅទៀត៕  

 

 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត