នៅថៃ៖ ខ្លាកំណាច ខាំមន្រ្តីឧទ្យានុរក្សម្នាក់ស្លា.ប់យ៉ាងអាណោចអាធ័ម
Mao Sopha
12 ម៉ោងមុន

ខេត្តឧទ័យធានី៖ សត្វខ្លា១ក្បាល បានខាំមន្រ្តីឧទ្យានុរក្សម្នាក់ដល់ស្លាប់ ក្នុងដែនជម្រកសត្វព្រៃហ៊ួយខាឃែង (ห้วยขาแข้ง) នៅខេត្តឧទ័យធានី (อุทัยธานี) ប្រទេសថៃ។ នាយកដ្ឋានឧទ្យានជាតិសត្វព្រៃ និងរុក្ខជាតិ (DNP) របស់ប្រទេសថៃ បានប្រកាសដំណឹងនេះ ហើយត្រូវបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ 

បុរសជាមន្រ្តីរងគ្រោះ ឈ្មោះ ស័ករិន វិឆាចារ្យ (ศักรินทร์ วิชาจารย์) អាយុ៤៨ឆ្នាំ។ សពមន្រ្តីរូបនេះ ត្រូវបានខ្លាខាំអូសចូលទៅក្នុងព្រៃនៅចម្ងាយប្រមាណ២០០ម៉ែត្រពីទីស្នាក់ការ។ ក្រុមមន្រ្តីជំនាញ បានចុះទៅពិនិត្យសាកសព ហើយឃើញមានរបួសធ្ងន់ធ្ងរយ៉ាងសុសសាច់ ដោយសារខ្លាកំណាចនោះខាំក្រញៅយ៉ាងសាហាវ។ ក្រុមមន្រ្តីជំនាញ សន្និដ្ឋានថា សត្វខ្លា ទំនងជាលបខាំនៅពេលមន្រ្តីឧទ្យានុក្សនោះកំពុងដេក។ 

លោកអត្ថពល ចំរើនជយ្សា (อรรถพล เจริญชันษา) ប្រធាននាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ លើកឡើងថា ហេតុការណ៍បែបនេះ កម្រកើតមានណាស់ ព្រោះជាទូទៅ សត្វខ្លា តែងគេចពីមនុស្ស។ លោក បន្តថា មានចំណុចដែលអាចទៅរួច គឺប្រហែលជាសត្វខ្លា ឃើញមន្រ្តីឧទ្យានុរក្សនោះនៅស្ងៀមមិនកម្រើក ឬមិនធ្វើចលនា ហើយក៏ឆ្មក់ទៅសង្គ្រុបខាំតែម្តង។

ពេលនេះ ក្រុមមន្ត្រីជំនាញ កំពុងតាមស្វែងរកខ្លាកំណាចនោះ។ ប្រធាននាយកដ្ឋានឧទ្យានជាតិ និយាយថា៖«​​បើ​រក​មិនឃើញ​សត្វ​ខ្លានោះទេ វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​មន្ត្រីឧទ្យានុរក្សាផ្សេងទៀត រួមទាំង​សាធារណជនផងដែរ»។ ក្នុងការស្វែងរកនេះ ក្រុមមន្ត្រីជំនាញ បានពិនិត្យមើលវីដេអូ និងរូបភាពផ្សេងៗពីកាមេរ៉ាឃ្លាំមើលដែលដាក់ក្នុងព្រៃ ដើម្បីកំណត់ពីដំណើររបស់សត្វខ្លា ទាំងមុន និងអំឡុងពេលដែលវាវាយប្រហារលើមន្រ្តីឧទ្យានុរក្ស។ ក្នុងអំឡុងពេលនេះ ស្ថាប័នជំនាញ សម្រេចបិទដែនជម្រកសត្វព្រៃហ៊ួយខាឃែង ជាបណ្ដោះអាសន្ន៕  

 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត