
រាជធានីបាងកក៖ ព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ(สุวรรณภูมิ)របស់ប្រទេសថៃ កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់សាធារណជនអន្តរជាតិ បន្ទាប់ពីមន្ត្រីសន្តិសុខម្នាក់ ធ្វើកាយវិការរើសអើងពូជសាសន៍ ដាក់ក្រុមអ្នកដំណើរជនជាតិចិន ស្របពេលមានការបដិសេធមិនឱ្យអ្នកដំណើរចិន២២នាក់ ឡើងយន្តហោះ ជើងហោះហើរ TG674 របស់ក្រុមហ៊ុន Thai Airways ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង។

ហេតុការណ៍នេះ បានបង្កឱ្យមានជម្លោះពាក្យសម្តីយ៉ាងក្ដៅគគុក នៅពេលដែលអ្នកដំណើរចិនជាង២០នាក់ ត្រូវបានបញ្ជាឱ្យចាកចេញពីស្ពានឡើងយន្តហោះ (Boarding bridge) ដោយគ្មានការពន្យល់ច្បាស់លាស់ ព្រមទាំងត្រូវបានទម្លាក់វ៉ាលីចេញពីយន្តហោះវិញ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យមហាជនកាន់តែខឹងសម្បារ និងទាមទារឱ្យមានការទទួលខុសត្រូវ គឺវីដេអូដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គម បង្ហាញពីសកម្មភាពមន្ត្រីសន្តិសុខថៃម្នាក់ ធ្វើកាយវិការទាញភ្នែកឱ្យស្រួចទ្រេត និងតូចដូចភ្នែករបស់ជនជាតិចិន (Slant-eye) ជាកាយវិការមើលងាយ និងរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ។

ទោះបីជាភាគីអាកាសយានដ្ឋានបានចេញមុខសុំទោស និងបញ្ជាក់ថា បានដាក់ពិន័យលើបុគ្គលិករូបនោះ ដោយអះអាងថា ដើមហេតុមកពីក្រុមអ្នកដំណើរមិនគោរពបទបញ្ជាសន្តិសុខក៏ដោយ ប៉ុន្តែមហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើនយល់ថា អាជ្ញាធរថៃ កំពុងព្យាយាមគេចវេះពីបញ្ហាស្នូល ហើយក្រុមហ៊ុន Thai Airways និងអាជ្ញាធរពាក់ព័ន្ធនៅតែមិនទាន់បកស្រាយឱ្យច្បាស់លាស់អំពីមូលដ្ឋានច្បាប់ នៃការបដិសេធមិនឱ្យឡើងយន្តហោះ និងវិធានការសងជំងឺចិត្តដល់អ្នកដំណើរនៅឡើយទេ។

ព្រឹត្តិការណ៍នេះ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្ដៅគគុកនៅលើបណ្តាញសង្គមចិន Weibo ជាមួយនឹងការចូលមើលរាប់លានដង ខណៈមហាជនភាគច្រើនសម្ដែងការហួសចិត្ត ចំពោះទង្វើរើសអើងជាតិសាសន៍ពីសំណាក់បុគ្គលិកសន្តិសុខរូបនោះ និងទាមទារឱ្យមានការទទួលខុសត្រូវឱ្យបានសមរម្យជាងនេះ ខណៈរូបភាពនៃការរើសអើងនេះ កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងសេវាកម្មរបស់ប្រទេសថៃ។

គួររំឭកផងដែរថា ហេតុការណ៍ចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីមានករណីហិង្សាមួយទៀតកាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ នៅរាជធានីបាងកក ដោយបុគ្គលិកនៃក្រុមហ៊ុនកម្សាន្តថៃ GMMTV ត្រូវបានគេថតវីដេអូបាន ពេលកំពុងប្រើប្រាស់អំពើហិង្សា ចាប់-ក និងផ្តួលស្ត្រីម្នាក់ទៅលើដី ក្នុងអំឡុងពេលប្រកែកគ្នា រឿងថតរូបនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅមួយ៕




