
រាជធានីបាងកក៖ យោធភូមិភាគ២របស់ថៃ បានជំរុញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនជួរភ្នំដងរែក នេះបើតាមការចុះផ្សាយដោយកាសែតថៃនៅថ្ងៃទី៦ ខែសីហា។ យ៉ាងណា នេះគ្រាន់តែជាល្បែងយុទ្ធសាស្ត្របិទបាំងមុខមាត់ពិតរបស់យោធាឈ្លានពានប៉ុណ្ណោះ ពួកគេកំពុងជីកត្រង់សេ សាងសង់លេណដ្ឋាននៅតាមបណ្តោយខ្សែព្រំដែនជួរភ្នំដងរែកលើទឹកដីកម្ពុជាដោយខុសច្បាប់ យ៉ាងគគ្រឹកគ្រេង។ តើយោធាថៃពិតជាចិញ្ចឹមហិច្ឆតាឈ្លានពានកម្ពុជាជាលើកទី៣ ឬយ៉ាងណា...?

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ យោធភូមិភាគ២ថៃ គូសបញ្ជាក់ថា ការសម្រេចបានសន្តិសុខនៅក្នុងតំបន់ មិនអាចពឹងផ្អែកតែលើកម្លាំងយោធាតែមួយមុខនោះឡើយ។ វាចាំបាច់ត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងពេលដំណាលគ្នា។ កត្តានេះ បានបង្កើតឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង នៅតាមបណ្តោយជួរភ្នំដងរែក ចាប់ពីខេត្តបុរីរម្យ ស៊ីសាកេត និងខេត្តសុរិន្ទ រហូតដល់ខេត្តឧប្បលរាជធានី។

មេបញ្ជាការរងនៃកងពលតូចអភិវឌ្ឍន៍ភូមិភាគ២ លោក ភាសករ ប៉្លដណៃមឿង (ภาสกร ปลอดในเมือง) បានទម្លាយថា៖«ផ្អែកលើគំនិតនេះ ផែនការអភិវឌ្ឍត្រូវបានអនុវត្តលើច្រើនវិមាត្រ រួមមាន៖ ការអភិវឌ្ឍប្រភពទឹក និងប្រព័ន្ធគ្រប់គ្រងធនធានទឹក, ការពង្រីកបណ្តាញអគ្គិសនី, ការអភិវឌ្ឍផ្លូវដឹកជញ្ជូន និងប្រព័ន្ធទូរគមនាគមន៍ ព្រមទាំងការបង្កើនសុវត្ថិភាពសម្រាប់កងកម្លាំងយោធា និងប្រជាពលរដ្ឋ។ កិច្ចការនេះសម្រេចបាន តាមរយៈកិច្ចសហការពីគ្រប់វិស័យ ដោយមានយោធភូមិភាគ២ ជាភ្នាក់ងារអនុវត្តចម្បង។ ជាមួយគ្នា តំបន់ភាគខាងត្បូងនៃភូមិភាគឦសាន គឺជាតំបន់ផលិតកម្មកសិកម្មដ៏សំខាន់របស់ប្រទេស ហើយការពង្រីកដំណាំពាណិជ្ជកម្មថ្មីៗ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងបង្កើតឱកាសសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់សហគមន៍ព្រំដែន»។

សរុបមក ការអះអាងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យោធភូមិភាគ២ថៃ លើដីកម្ពុជាខុសច្បាប់ គ្រាន់តែជាលេសបិទបាំងនូវមហិច្ឆតាលេបត្របាក់ទឹកដី និងការបំពេញឱ្យលក្ខណៈឈ្លានពានរបស់ខ្លួនលើដែនដីកម្ពុជាស្របច្បាប់ប៉ុណ្ណោះ។ ការប្រែក្លាយតំបន់ព្រំដែនជួរភ្នំដងរែក ឱ្យទៅជាលេណដ្ឋានយោធា ក្រោមរូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមិនទាន់មានការឯកភាពពីភាគីកម្ពុជា តាមរយៈគណៈកម្មការវាស់វែងកំណត់ដែនសីមាព្រំដែនគោកកម្ពុជា-ថៃ ហៅកាត់ថា (JBC) នេះ បានបង្ហាញយ៉ាងច្បាស់ថា ថៃមិនដែលបោះបង់ចោលនូវគំនិតវាទីនិយម និងការរំលោភអធិបតេយ្យភាពកម្ពុជានោះឡើយ៕





