
ភ្នំពេញ ៖ រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២២ ៤៨២ លានដុល្លារ កើនឡើង ១៦,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃ ១៩ ៣០៨ លានដុល្លារ។

ទន្ទឹមគ្នានេះ កម្ពុជាបាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩ ៩៤១ លានដុល្លារ កើនឡើង ៤,៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិកើនឡើង ៥២ ៤២៤លានដុល្លារ កើនឡើង ៩,២%។
អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅប្រទេសអាម៉េរិកច្រើនជាង ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ ខណៈវៀតណាមស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង ២ពាន់លានដុល្លារ និងនាំចេញទៅចិនក្នុងតម្លៃជាង ១២៤០លានដុល្លារ។
គួរបញ្ជាក់ផងដែរថា ប្រទេសជាដៃគូដែលកម្ពុជានាំទំនិញចូលនិងចេញនោះរួមដូចជា៖ ចិន, អាម៉េរិក, វៀតណាម, ថៃ, សិង្ហបុរី, ជប៉ុន, ស្វីស, អាល្លឺម៉ង់, កាណាដា, តៃវ៉ាន់ និងប្រទេសផ្សេងៗមួយចំនួនទៀត៕






