
ក្រុងព្រះសីហនុ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានប្រកាសថា កម្លាំងជំនាញនៃអគ្គនាយកដ្ឋានបានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់ពីក្រៅប្រទេស នូវសំបកកង់រថយន្តចាស់ៗប្រើរួចក្នុងកុងតឺន័រចំនួន៤ទូ ទម្ងន់ប្រមាណជាង៧៨០០០គីឡូក្រាម តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ..។

តាមការប្រកាសព័ត៌មានដដែល អគ្គនាយកដ្ឋានគយអះអាងថា ការបង្ក្រាបនោះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយទទួលបានព័ត៌មានផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្ទ។ ភ្លាមៗមន្ត្រីគយ និងសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យ ព្រមទាំងកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រ៤ទូនោះ។ ក្នុងប្រត្តិបត្តការណ៍នេះ មន្រ្តីគយ បានបើកទូត្រួតពិនិត្យទំនិញជាក់ស្តែង ផ្ទុកក្នុងកុងតឺន័រនោះឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួចសរុបទម្ងន់៧៨៦៤០គីឡូក្រាមពិតមែន។

គយគូសរំលេចថា៖«មុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅប្រទេសកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូល»។ ហេតុនេះ អគ្គនាយកដ្ឋានគយ សម្រេចដោយបង្ខំឱ្យម្ចាស់ទំនិញនាំចេញត្រឡប់ទៅវិញនូវទំនិញទាំងនោះ ឱ្យបានឆាប់រហ័សបំផុត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបង់ពិន័យតាមច្បាប់ស្ដីពីគយជាធរមាន។ រហូតដល់ថ្ងៃទី២៦កុម្ភៈ ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចនេះចេញទៅវិញជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់។

សូមរំឭកថា ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបបានការនាំចូលដោយខុសច្បាប់នូវទំនិញហាមឃាត់មួយចំនួនរួមមាន៖សាច់បង្កក ផលិតផលពីសាច់សត្វខូចគុណភាព៣៧ករណី ស្មើនឹងជាង៩ម៉ឺនគីឡូក្រាម, គ្រឿងញៀន (ទម្ងន់សុទ្ធ)ជាង៦៦គីឡូក្រាម។ នៅថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាពចោលចំនួន១០៧មុខ ដែលមានទម្ងន់សរុបប្រមាណ៥០៧តោន។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានគយ៕



